(ហាណូយ)៖ ប្រទេសវៀតណាមដែលមានប្រជាជនសរុបជាង ៩៧លាននាក់នោះ គិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីឆ្លងជំងឺរាតត្បាតសកល COVID-19 ត្រឹមតែ ២៧០ករណីប៉ុណ្ណោះ។ សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ ប្រទេសអាស៊ានមួយនេះ មិនបានរកឃើញករណីឆ្លង COVID-19 ថ្មីទៀតនោះឡើយសូម្បីតែម្នាក់។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មានចិនស៊ីនហួរ។

គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំងអស់ខាងលើនេះ គឺមានអ្នកជាសះស្បើយសសរុប ២២២នាក់ហើយ ខណៈករណីស្លាប់វិញ គឺមិនមាននោះឡើយសម្រាប់ប្រទេសវៀតណាម។ បច្ចុប្បន្នករណីសង្ស័យ ៤០៧នាក់ទៀតកំពុងស្ថិតនៅក្នុងការត្រួតពិនិត្យនៅឡើយ។ គិតចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងក្នុងប្រទេសនេះ វៀតណាមបានធ្វើតេស្តមនុស្ស ៥២,០០០នាក់ហើយនៅទូទាំងប្រទេស៕