(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមានគំនិតល្អចំពោះអ្វីដែលលោក គីម ជុងអ៊ុន កំពុងធ្វើហើយក៏សង្ឃឹមផងដែរថា លោក គីម មានសុខភាពល្អ ខណៈមានពាក្យចចាមអារ៉ាមកាន់តែច្រើន លេចឡើងអំពីបញ្ហាសុខភាព របស់មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងជាការឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ជុំវិញស្ថានភាពលោក គីម ជុងអ៊ុន។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនអាចប្រាប់អ្នកឱ្យប្រាកដនោះទេ។ ពិតណាស់ខ្ញុំមានគំនិតដ៏ល្អមួយ ប៉ុន្តែឥឡូវខ្ញុំមិនអាចប្រាប់អ្នកបានទេ។ ខ្ញុំសង្ឃឹមថា គាត់មានសុខភាពល្អ ហើយការពិតនឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះ»។

គួរជម្រាបថា កូរ៉េខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញបានអះអាងថា លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា ក្រោយមានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងថា មេដឹកនាំកូរ៉េខាងជើងរូបនេះ បានស្លាប់បាត់ទៅហើយ និងខ្លះទៀតថាក្លាយជាមនុស្សរុក្ខជាតិ បន្ទាប់ពីទទួលការវះកាត់បេះដូងកាលពីថ្ងៃទី១២ ខែមេសា។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានច្បាស់ការណាមួយពីស្ថានភាពរបស់លោក គីម ជុងអ៊ុន នៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអះអាងថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើស្ថានការណ៍ក្នុងប្រទេសកូរ៉េខាងជើង៕