(ស៊ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេរបស់ប្រទេសអូស្រ្តាលី នឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន លើសកម្មភាពប្រជាជន ហើយតំបន់ឆ្នេរសមុទ្របានបើកទ្វារឡើងវិញ ខណៈមានការរំពឹងថា គោលនយោបាយបង្កើនការធ្វើតេស្ដ អាចនឹងជួយទប់ស្កាត់ការឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

ឆ្នេរសមុទ្របុនដាយ (Bondi Beach) និងឆ្នេរសមុទ្រពីរផ្សេងទៀត នៅក្នុងទីក្រុងស៊ីដនី បានបើកទ្វារឡើងវិញ សម្រាប់ប្រជាជនក្នុងតំបន់នៅថ្ងៃអង្គារនេះ ហើយទន្ទឹមគ្នារដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេ និងរ៉ាប់រងចំនួនករណីឆ្លង COVID-19 ជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លងសរុបក្នុងប្រទេសអូស្រ្តាលី នឹងអនុញ្ញាតឱ្យមនុស្សពេញវ័យចំនួន ០២នាក់ ទៅសួរសុខទុក្ខផ្ទះអ្នកដទៃចាប់ពីថ្ងៃសុក្រ សប្ដាហ៍នេះតទៅ។ ចំណែកឯកុមារក៏នឹងត្រូវអនុញ្ញាតឱ្យរួមដំណើរ ជាមួយមនុស្សពេញវ័យផងដែរ ហើយអ្នកដែលមានអារម្មណ៍មិនសូវស្រួលខ្លួន គួរតែបន្តស្ថិតនៅក្នុងផ្ទះ។

គួរបញ្ជាក់ថា ការបន្ធូរបន្ថយវិធានការរឹតត្បិត កើតមានឡើងក្រោយអត្រាឆ្លងថ្មីនៃ COVID-19 ក្នុងតំបន់បានធ្លាក់ចុះមកនៅត្រឹម ១ភាគរយក្នុងមួយថ្ងៃ បើធៀបទៅនឹង ២៥ភាគរយ ក្នុងមួយថ្ងៃកាលពីខែមីនាកន្លងទៅ។ អូស្ត្រាលី មានអ្នកឆ្លងសរុប ៦,៧២៣នាក់ក្នុងនោះស្លាប់ ៨៤នាក់។ អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានចាត់ទុកថា បានឆ្លងផុតចំណុចកំពូលនៃការឆ្លងរាតត្បាត COVID-19 រួចប៉ុន្មានសប្តាហ៍មកហើយ និងកំពុងស្ថិតនៅក្នុងតំណាក់កាល គ្រប់គ្រងការរីករាតត្បាតឡើងវិញ៕