(អង់គ្លេស)៖ គណៈកម្មាធិការសង្គ្រោះអន្តរជាតិហៅកាត់ថា IRC បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ១ពាន់លាននាក់ ក្នុងចំណោមជាង ៧ពាន់លាននាក់លើភពផែនដី អាចនឹងត្រូវឆ្លងជំងឺ COVID-19 ប្រសិនបើជំនួយសង្គ្រោះបន្ទាន់ មិនត្រូវបានផ្តល់ឲ្យគ្រប់គ្រានទេនោះ ជាពិសេសទៅកាន់បណ្តាប្រទេស ដែលមានភាពទន់ខ្សោយលើគ្រប់វិស័យ ដូចជា ស៊ីរី និងអាហ្វហ្គានីស្ថានជាដើម។ នេះបើតាមការចេញផ្សាយដោយ BBC នាយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
IRC ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានអំពាវនាវឲ្យបណ្តាប្រទេសមានលទ្ធភាពទាំងឡាយ ងាកទៅធ្វើការផ្តល់ជំនួយ ទៅដល់ប្រទេសទន់ខ្សោយមួយចំនួន បើទោះបីជាពួកគេនៅមានករណីឆ្លង COVID-19 ក្នុងកម្រិតទាបក៏ដោយ ដើម្បីបង្ការកុំឲ្យស្ថានភាពនៅក្នុងបណ្តាប្រទេសទាំងនោះ ធ្លាក់ចុះដុនដាប ដល់សង្គ្រោះលែងបាន។
IRC តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពេលវេលាដែលនៅសល់ គឺតិចតួចប៉ុណ្ណោះ ដែលអាចឲ្យយើងធ្វើការជម្រុញ ការឆ្លើយតបជាមុនទុកឲ្យហើយ... ប្រទេសដែលងាយរងគ្រោះដូចជា អាហ្វហ្គានីស្ថាន និងស៊ីរីជាដើម កំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីទប់ស្កាត់ការផ្ទុះ (COVID-19) ក្នុងទ្រង់ទ្រាយធំ»។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៣លានករណី ក្នុងនោះស្លាប់ជាង ២សែននាក់។ អង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានលើកឡើងផងដែរថា ករណីឆ្លងតិចតួច ដែលត្រូវបានរាយការណ៍នៅតាមប្រទេសមួយចំនួនដូចជា ស៊ីរី លីប៊ី ឬ អាហ្វហ្គានីស្ថានជាដើមនោះ អាចមិនមែនបណ្តាលមកពីការគ្មានករណីឆ្លងនោះឡើយ ប៉ុន្តែគឺបណ្តាលមកពីការខ្វះខាតលទ្ធភាពធ្វើតេស្ត៕