(ហាណូយ)៖ តុលាការវៀតណាមបានកាត់ទោសបុរសម្នាក់អាយុ ២៤ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល ០៥ឆ្នាំកាលពីថ្ងៃអង្គារម្សិលមិញនេះ ពីបទបង្ហោះសារលើប្រព័ន្ធទំនាក់ទំនង Facebook ដែលគេចាត់ទុកថា ជាការប្រឆាំងនឹងរដ្ឋ ចំពេលដែលរបបកុម្មុយនិស្តវៀតណាម កំពុងបង្កើនការដាក់សម្ពាធទៅលើក្រុមប្រឆាំង នៅតាមបណ្តាញសង្គមធំៗជាពិសេសគឺ Facebook និង YouTube ផ្ទាល់តែម្តង។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
ជនជាប់ទោសឈ្មោះ ផាន់ ខុងហៃ (Phan Cong Hai) អាយុ ២៤ឆ្នាំ ធ្លាប់បានបង្ហោះសារគាំទ្រសកម្មជន ដែលត្រូវគេដាក់ឲ្យជាប់ពន្ធនាគារ ពីបទតវ៉ាប្រឆាំងនឹងការដោះស្រាយកាកសំណល់ពុល របស់រដ្ឋាភិបាលនៅក្នុងឆ្នាំ២០១៦ និងបញ្ហាចម្រូងចម្រាស់ផ្សេងៗទៀត។ តុលាការនៃខេត្ត ង៉េអាន (Nghe An) បានកាត់ទោសលោក Phan Cong Hai នៅថ្ងៃអង្គារសប្តាហ៍នេះ ពីបទបង្ហោះសារដែលគេចាត់ទុកថា «ប្រឆាំងនឹងបក្ស និងរដ្ឋ ក៏ដូចជាបង្ខូចឈ្មោះមន្ត្រីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន»។
គួរបញ្ជាក់ថា Facebook ពិតជាមានប្រជាប្រិយភាពបំផុតនៅវៀតណាម ខណៈប្រទេសកុម្មុយនិស្តមួយនេះ បានអនុញ្ញាតឲ្យប្រជាជនប្រើប្រាស់បណ្តាញសង្គម អាមេរិកមួយនេះ ដើម្បីធ្វើទំនាក់ទំនងជាមួយគ្នា និងពិភពលោកខាងក្រៅ ប៉ុន្តែក៏ស្ថិតនៅក្រោមការតាមដានយ៉ាងតឹងរ៉ឹងផងដែរ ក្រោមហេតុផលរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។ អង្គការលើកលែងទោស (Amnesty) មូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា ប្រមាណ ១០ភាគរយ នៃអ្នកទោសនយោបាយបច្ចុប្បន្នរបស់ប្រទេសវៀតណាម ត្រូវបានជាប់ពន្ធនាគារ ដោយសារសកម្មភាពរបស់ពួកគេនៅលើប្រព័ន្ធ Facebook៕