(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត នៅទូទាំងចិនដីគោក ដោយក្នុងនោះមាន ២១នាក់ជាករណីនាំចូលពីក្រៅប្រទេស និង ម្នាក់ទៀតជាករណីឆ្លងក្នុងស្រុកផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុក ០១ករណីខាងលើ គឺត្រូវបានគេរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៥៧៨នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ២៣នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃអង្គារម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះទាំង ២២ករណីខាងលើនេះ ចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៥៨ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់កាលពីថ្ងៃអង្គារម្សិលមិញ៕