(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវមិនបានរកឃើញ ករណីឆ្លងថ្មី COVID-19 អស់រយៈពេល ១៨ថ្ងៃជាប់ៗគ្នាមកហើយ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស​មានត្រឹមតែ ១៩នាក់ដដែល និងជាចំនួនតិចជាងគេបំផុត​ប្រចាំតំបន់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

គណៈកម្មាធិការបង្ការ និងគ្រប់គ្រង COVID-19 របស់ប្រទេសឡាវ បានបញ្ជាក់នៅក្នុងរបាយការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា «ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសនៅតែ ១៩ករណីដដែល ដោយមិនមានករណីឆ្លងថ្មីទៀតនោះទេ»។ គណៈកម្មាធិការបន្ថែមថា អាជ្ញាធរសុខាភិបាលឡាវ បានធ្វើតេស្ដលើអ្នកសង្ស័យមានផ្ទុក COVID-19 ១,៩២៧នាក់ ក្នុងនោះមានតែ ១៩នាក់ប៉ុណ្ណោះចេញលទ្ធផលវិជ្ជមាន និង ០៨នាក់ជាសះស្បើយឡើងវិញ។

អ្នកជំងឺជាសះស្បើយទាំង ០៨នាក់ខាងលើ ក្នុងនោះមាន ០៥នាក់នៅរដ្ឋធានីវៀងច័ន្ទ និង ០៣ករណីនៅខេត្ត ហ្លួងព្រះបាង (Luang Prabang)។ ចំណែកឯជំងឺ ១១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព (Mittaphab Hospital) ក្នុងរដ្ឋធានីនៃប្រទេស។ ឡាវបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ០២ករណីដំបូងកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ៕