(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានបទឈប់បាញ់ជាសកល ព្រមទាំងផ្អាកបំណុលមួយរយៈពេលសិន ខណៈពេលដែលជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរាតត្បាតក្នុងសកលលោក ក្នុងសន្ទុះដ៏ខ្លាំងក្លាដដែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
លោក Antonio Guterres បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានតាមរយៈវីដីអូ Conference មួយ។ នាឱកាសនោះលោកប្រមុខ UN បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការអំពាវនាវឲ្យមានបទឈប់បាញ់ ត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ដោយក្នុងនោះមានទាំងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគ្របដណ្តប់លើតំបន់ទាំងអស់។ ក្នុងចំណោមនោះក៏មានក្រុមប្រដាប់អាវុធចំនួន ១៦ ក្រុមផងដែរ»។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា «កម្រិតនៃការមិនទុកចិត្តគ្នានៅមានកម្រិតខ្ពស់ ហើយវាកាន់តែពិបាកទៅទៀត ក្នុងការអនុវត្តជាក់ស្តែង»។
ជុំវិញបញ្ហានេះដែរ ប្រមុខ UN រូបនេះបានសម្តែងក្តីសង្ឈឹមថា ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិនឹង «ស្វែងរកសាមគ្គីភាព និងអនុម័តសេចក្តីសម្រេចនានា ដែលអាចជួយធ្វើឲ្យបទឈប់បាញ់មានអត្ថន័យ និងភាពជាក់ស្តែងពិតប្រាកដ»។ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ លោកប្រធា UN ក៏ធ្លាប់បានជម្រុញឲ្យភាគីសង្រ្គាមទាំងអស់ នៅទូទាំងពិភពលោកទម្លាក់អាវុធចុះ ហើយងាកមកប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 វិញ ថ្បិតថាវាទើបជាសត្រូវរួមរបស់មនុស្សជាតិទាំងមូល។
ទន្ទឹមគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានអំពាវនាវឲ្យមានការផ្អាក ឬព្យួរបំណុលមួយរយៈពេលសិន សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឈន៍ទាំងអស់ រួមទាំងប្រទេសដែលមានប្រាក់ចំណូលមធ្យមផងដែរ ដើម្បីជួយពួកគេក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19៕