(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូយីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃសុក្រនេះបានប្រកាសថា សកម្មភាពសេដ្ឋកិច្ច និងសង្គមមួយផ្នែកធំ នឹងត្រូវបើកដំណើរការឡើងវិញ បន្ទាប់ពីចំនួនអ្នកឆ្លង COVID-19 ធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

តែទោះជាយ៉ាងនេះក្ដី តាមរយៈសុន្ទរកថាតាមបញ្ចក់ទូរទស្សន៍ លោក Muhyiddin បានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ច, សង្គម និងសាសនា មានលក្ខណៈប្រមូលផ្ដុំទ្រង់ទ្រាយធំ និងការប៉ះពាល់គ្នាជិតស្និទ្ធ នឹងមិនត្រូវបានអនុញ្ញាតឡើយ ខណៈសាលារៀននឹងនៅតែបន្តបិទទ្វារដដែល រហូតដល់មានការសម្រេចចិត្តជាថ្មី។

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ម៉ាឡេស៊ីមានករណីឆ្លង COVID-19 សរុប ៦,០០២ករណី ក្នុងនោះស្លាប់ ១០២នាក់ និង ៤,១៧១នាក់ បានជាសះស្បើយឡើងវិញ។ ចំនួនអ្នកឆ្លង COVID-19 បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយចំនួនអ្នកជាសះស្បើយបន្តកើនឡើង។ ម៉ាឡេស៊ីបានប្រកាសដាក់ដាក់ចេញ នូវវិធានការរឹតត្បិតនានា ជាពិសេសការបង្គាប់ឱ្យប្រជាជននៅក្នុងផ្ទះ កាលពីថ្ងៃទី១៨ ខែមីនា៕