(សិង្ហបុរី)៖ នារសៀលថ្ងៃសុក្រនេះ សិង្ហបុរីបានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសខ្លួន បានកើនឡើងដល់១៧,១០១នាក់ បន្ទាប់ពីករណីថ្មីៗប្រមាណ៩៣២នាក់ទើបត្រូវបានរកឃើញថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០១ ឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំងនោះមានត្រឹម ០៥ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅ អចិន្រ្តៃយ៍នៅសិង្ហបុរី ខណៈករណីផ្សេងទៀតគឺពលករកាន់ប័ណ្ណការងារយៈពេលវែង ដែលកំពុងរស់នៅតាម អគារស្នាក់នៅសម្រាប់ពលករបរទេស។ ចំណែកឯ អ្នកស្លាប់ដោយសារ COVID-19 មាន ១៥នាក់ និងជាសះស្បើយវិញយ៉ាងតិចជាង១,២០០នាក់។
គួរជម្រាបថា សិង្ហបុរីកំពុងស្ថិតក្នុងសប្តាហ៍ទីបីនៃការអនុវត្តវិធានការបិទប្រទេសមួយផ្នែក ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលនឹងមានសុពលភាពដល់ថ្ងៃទី០១ ខែមិថុនា៕