(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី​បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប​២៩២នាក់ទៀតត្រូវបានរកឃើញ​នៅក្នុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុប​នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ១០,៨៤៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ៣១នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ នៅអំឡុងពេលដូចគ្នា នាំឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៨៣១នាក់។ ដោយឡែកអ្នកជាសះស្បើយ ៧៤នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 កើនឡើងដល់ ១,៦៦៥នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ីមានករណីសង្ស័យចំពោះ COVID-19 ចំនួន ២២,៥៤៥ករណីទៀត​ដែលកំពុងស្ថិតនៅក្នុងការតាមដាន។ ឥណ្ឌូណេស៊ី​ជាប្រទេសមានករណីឆ្លងច្រើនបំផុតលំដាប់លេខ ២ នៅអាស៊ាន​បន្ទាប់ប្រទេសសិង្ហបុរី ប៉ុន្តែសម្រាប់ចំនួនករណីស្លាប់វិញ ឥណ្ឌូណេស៊ីឈរនៅលេខរៀងទី១៕