(ម៉ានីល)៖ អ្នកទោសយ៉ាងហោចណាស់ជិត ១០,០០០នាក់​ត្រូវបានអាជ្ញាធរហ្វីលីពីនសម្រេចដោះលែង ដើម្បីបង្ការកុំឲ្យផ្ទុះករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារដ៏កកកុញនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីតុលាការកំពូលហ្វីលីពីន បានគូសបញ្ជាក់ជុំវិញសេចក្តីសម្រេចខាងលើនេះថា «តុលាការពិតជាមានការព្រួយបារម្ភ ចំពោះស្ថានភាពកកណែន​នៅក្នុងពន្ធនាគារ។ ដូច្នេះហើយអ្នកទោសសរុប ៩,៧៣១នាក់ត្រូវបានសម្រេចឲ្យធ្វើការដោះលែង»។ ពន្ធនាគារប៉ុន្មានកន្លែងរួចមកហើយ ដែលបានរាយការណ៍ពីករណីឆ្លង COVID-19 ផ្ទុះឡើងរវាងអ្នកទោស ហើយក៏បានឆ្លងដល់មន្ត្រីពន្ធនាគារថែមទៀត។

គួរបញ្ជាក់ថា ពន្ធនាគារនៅទូទាំងប្រទេសហ្វីលីពីន បានជួបប្រទះភាពកកកុញខ្លាំង​ជាប្រវត្តិសាស្ត្រ​ចាប់តាំងពីលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ ឡើងកាន់អំណាចកាលពីពាក់កណ្តាលឆ្នាំ២០១៦។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុបជិត ៩,០០០ករណី ក្នុងនោះអ្នកជំងឺ ៦០៣នាក់ស្លាប់៕