(ប៉ារីស)៖ រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក Olivier Véran នាថ្ងៃសៅរ៍នេះ បានប្រកាសថា រដ្ឋាភិបាលបារាំងបានសម្រេចបន្ថែមពេល២ខែទៀត ទៅលើការប្រកាសភាពអាសន្នផ្នែកសុខាភិបាល ដែលត្រូវបានដាក់ចេញដើម្បី ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

លោក Veran បានគូសបញ្ជាក់ថា សំណើផ្លូវការស្តីពីការពន្យារពេលខាងលើ នឹងត្រូវបានដាក់ជូនទៅកាន់សភាបារាំងនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ខណៈគម្រោងដកការប្រកាសអាសន្នផ្នែកសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភានេះ បន្ទាប់ពីវាត្រូវបានដាក់ចេញកាលពី ថ្ងៃទី២៤ ខែមីនា អាចបង្កហានិភ័យនៃការផ្ទុះរាលដាលជំងឺ COVID-19 ខ្លាំងក្លាឡើងវិញ។

ចំណែកកាលពីថ្ងៃសុក្រសប្តាហ៍នេះវិញ ប្រធានាធិបតីអាមេរិក លោក Emmanuel Macron បាននិយាយថា ទោះបីវិធានការបិទ ប្រទេសនឹងត្រូវដកចេញវិញក៏ដោយ វានឹងមិនមានន័យថាប្រជាជនបារាំងអាចវិលទៅរកជីវិតរស់នៅ ដូចកាលមុនពេលមិនទាន់ មានការរាតត្បាតនៃជំងឺនេះឡើយ។

គួរជម្រាបថា មនុស្សសរុបជិត២៤,៦០០នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសបារាំង ខណៈអ្នកឆ្លងមានចំនួន ១៦៧,៣៤៦នាក់ តែមួយរយៈចុងក្រោយនេះអត្រាអ្នកឆ្លងនិងស្លាប់កំពុងបន្តថយចុះ ដោយរដ្ឋាភិបាលបារាំងគ្រោងនឹងបន្ធូរបន្ថយ ការរឹតត្បិតនៅថ្ងៃទី១១ ខែឧសភានេះហើយ ក្រោយវិធានការបិទប្រទេសត្រូវបានអនុវត្តតាំងតែពីថ្ងៃទី១៧ ខែមីនាមក៕