(ហ្សឺណែវ)៖ ប្រទេសមួយចំនួននៅក្នុងពិភពលោក កំពុងចាប់ផ្ដើមងើបចេញពីវិបត្តិ COVID-19 និងត្រឡប់ទៅរកជីវិតដូចធម្មតាវិញ ប្រកបដោយការប្រយ័ត្ន ក៏ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះ នឹងបន្តបង្កគ្រោះថ្នាក់ដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបានផលិតឡើងរួចរាល់។ នេះបើតាមសម្តីលោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
ការលើកឡើងខាងលើរបស់លោក Mike Ryan ជានាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) ធ្វើឡើងចំពេលដែលប្រទេសខ្លះ នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ ហើយខ្លះទៀតមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ឡើងវិញ ដូចជាកូរ៉េខាងត្បូង ចិន សិង្ហបុរី និងនូវែលសេឡង់ជាដើម។
លោក Ryan បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងកំពុងស្ថិតនៅចំចំណុចកណ្ដាល នៃការប្រយុទ្ធដើម្បីជីវិតរបស់យើង និងជីវិតប្រជាជនពិភពលោកទាំងមូល។ COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព។ តែយ៉ាងណា ក្ដីសង្ឃឹមនៅតែមាន»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់ ៣,៥៦៦,០០៤នាក់ ក្នុងនោះស្លាប់ ២៤៨,២៨២នាក់ និងជាសះស្បើយឡើងវិញ ១,១៥៤,០១៤នាក់៕