(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះ បានត្រៀមខ្លួនរួចហើយ ដើម្បីប្រកាសបន្តសុពលភាព នៃវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ថ្ងៃទី៣១ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូន បានប្រកាសដាក់ទីក្រុងតូក្យូ និងខេត្តចំនួន ០៦ទៀត ក្នុងគ្រាអាសន្នកាលពីថ្ងៃទី០៧ ខែមេសា ហើយក្រោយមកបានសម្រេចចិត្ត ដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្នតែម្ដង។ វិធានការនេះនឹងត្រូវអស់សុពលភាព នៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែលោក អាបេ ត្រូវបានគេរំពឹងថា នឹងប្រកាសពីការបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមជំនាញ ដែលព្រមានថា ជប៉ុននៅត្រូវការវែងឆ្ងាយ ដើម្បីយកឈ្នះលើ COVID-19។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏នឹងពន្យល់ផងដែរពីមូលហេតុ នៃការសម្រេចចិត្តនៃរដ្ឋាភិបាលរបស់លោក នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀល ឬល្ងាចថ្ងៃចន្ទនេះ។
គួរជម្រាបថា វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់ប្រទេសជប៉ុន គឺមិនសូវរឹតត្បិតខ្លាំង ដូចជាបណ្ដាប្រទេសអឺរ៉ុបនោះទេ។ វិធានការនេះ បានអនុញ្ញាតឱ្យអាជ្ញាធរជំរុញឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះ និងស្នើឱ្យអាជីវកម្មមួយចំនួនបិទទ្វារ។ ប៉ុន្តែអាជ្ញាធរមិនអាចបង្ខំ ឱ្យប្រជាជនអនុវត្តតាមនោះទេ ហើយក៏មិនមានការ ផាកពិន័យលើអ្នកល្មើនោះដែរ។
បើតាមគេហទំព័រ worldometers បច្ចុប្បន្នជប៉ុនមានករណីឆ្លង COVID-19 ១៤,៨៧៧ករណី ក្នុងនោះស្លាប់ ៤៨៧នាក់ និងជាសះស្បើយឡើងវិញ ៣,៩៨១នាក់៕