(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៨ករណីបន្ថែមទៀតទៅក្នុងបញ្ជី ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ កើនដល់ ១០,៨០១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
កូរ៉េខាងត្បូងបានរក្សាចំនួនករណីឆ្លងប្រចាំថ្ងៃនៅក្រោមខ្ទង់ ២០ករណី សម្រាប់រយៈពេល ១៧ថ្ងៃជាប់ៗគ្នាមកហើយ ដោយក្នុងចំណោមករណីឆ្លងៗនេះទៀតសោត មានមួយផ្នែកធំជាករណីនាំចូលពីក្រៅប្រទេស។ តួយ៉ាងដូចករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះជាដើម គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលនាំឲ្យករណីនាំចូលសរុប ទៅក្នុងប្រទេសមួយនេះកើនឡើងដល់ ១,០៩៩ករណី។
នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន ០២ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបកើនដល់ ២៥២នាក់ ឬស្មើនឹង ២.៣៣% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៩,២១៧ នាក់ហើយ ឬស្មើនឹង ៨៥.៣% នៃអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ៣៤នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦៣៣,០០០នាក់ហើយ ក្នុងចំណោមនោះ ៦១៤,៩៤៤ នាក់មានលទ្ធផលអវិជ្ជមាន ខណៈ ៨,១៧៦នាក់កំពុងស្ថិតក្នុងការតាមដាន៕