(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៥៧៣ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ១៨,៧៧៨ករណី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅ តាមអគារស្នាក់នៅសម្រាប់ពលករបរទេស ក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៥ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។
គួរជម្រាបថា សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតនៅសិង្ហបុរីវិញ គឺបានកើនដល់ ១៨នាក់ រីឯអ្នកជាសះស្បើយមានយ៉ាងតិច ១,៤០០នាក់។ កាលពីចុងសប្តាហ៍កន្លងទៅនេះ សិង្ហបុរី ក៏បានប្រកាសពីការបន្ធូរបន្ថយ វិធានការរឹតត្បិតរបស់ខ្លួនបន្តិចឡើងវិញផងដែរ ដោយសេវាកម្ម និងអាជីវកម្មមួយចំនួន នឹងត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ។ តួយ៉ាងដូចជា អាជីវកម្មលក់ម្ហូបអាហារតាមផ្ទះ និងហាងលក់រាយជាដើម នឹងអាចដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១២ ខែឧសភាខាងមុខនេះទៅ៕