(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះ បានប្រកាសពីគម្រោងបើកសាលារៀនឡើងវិញ ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ គឺជាង០២ខែ​បន្ទាប់ពីគ្រឹះស្ថានអប់រំត្រូវបានបង្គាប់ឲ្យបិទទ្វារ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

រដ្ឋមន្រ្តីអប់រំកូរ៉េខាងត្បូង លោកស្រី Yoo Eun-hae បានប្រកាសថា នៅក្រោមផែនការបើកសាលារៀនឡើង សិស្សានុសិស្សរៀនថ្នាក់ទី១២ ​នឹងអាចចាប់ផ្តើមវិលត្រឡប់ទៅសិក្សានៅសាលាផ្ទាល់វិញបានមុនគេ គឺនៅថ្ងៃទី១៣ ខែឧសភា រីឯសិស្សថ្នាក់ដទៃទៀត នឹងត្រូវអនុញ្ញាតឲ្យ​ត្រឡប់ចូលសាលាវិញ នៅសប្តាហ៍ក្រោយៗទៀតជាបន្តបន្ទាប់ ដោយនៅថ្ងៃទី២៧ ខែឧសភា សិស្សពីថ្នាក់ទី១ដល់ទី១២ នឹងបានចូលសាលារៀនវិញ​ទាំងអស់។

គួរជម្រាបថា ការសម្រេចបើកសាលារៀនឡើងវិញបែបនេះ គឺប្រទេសពីកូរ៉េខាងត្បូងរក្សាបាននូវអត្រាអ្នកឆ្លងថ្មីក្នុងចំនួនដ៏ទាបជាច្រើនថ្ងៃ​មកហើយ។ រយៈពេលប្រមាណ១៧ថ្ងៃជាប់គ្នាមកនេះ កូរ៉េខាងត្បូងរកឃើញករណីឆ្លងប្រចាំថ្ងៃនៅក្រោមខ្ទង់២០ករណីរហូត ហើយក្នុងនោះ​​ភាគច្រើនជាងករណីនាំចូលថែមទៀត៕