(សេអ៊ូល)៖ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្រោយបាត់ខ្លួនអស់២០ថ្ងៃ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន ចុះផ្សាយបន្តពីសកម្មភាព និងរូបភាពជាច្រើនសន្លឹករបស់លោក កាលពីថ្ងៃសៅរ៍ ដោយបានបន្សាបពាក្យចចាមអារ៉ាមដែលថា មេដឹកនាំកូរ៉េខាងជើងរូបនេះមានបញ្ហា សុខភាពធ្ងន់ធ្ងរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានចូលរួមកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Sunchon ក្បែរទីក្រុងព្យុងយ៉ាង ជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោកគឺអ្នកនាង គីម យូជុង ។ ប៉ុន្តែ ពាក្យចចាមអារ៉ាម និងមូលហេតុនៃការបាត់ខ្លួនរបស់លោក គីម មិនទាន់រលត់ទាំងស្រុងនោះទេ។
* បញ្ហាសុខភាព?
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ធ្លាប់បានទាត់ចោលជាច្រើនលើកពីសេចក្ដីរាយការណ៍ និងពាក្យចចាមអារ៉ាម ដែលអះអាងថា លោក គីម ជុងអ៊ុន ទទួលការ វះកាត់បេះដូង ហើយថែមទាំងអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការចុះផ្សាយព័ត៌មានរបៀបនេះទៀតផង។ ប៉ុន្តែពាក្យចចាមអារ៉ាមពីបញ្ហាសុខភាព របស់លោក គីម នៅតែបន្តកើតមានដដែល បើទោះជាលោកបង្ហាញមុខជាសាធារណៈឡើងវិញក៏ដោយ។ ក្រុមជំនាញមួយចំនួន ដូចជា លោក Cheong Seong-Chang មកពីវិទ្យាស្ថាន Sejong Institute និងលោក Nam Seong-wook ជាសាស្ត្រាចារ្យជំនាញសិក្សាពីកូរ៉េខាងជើង នៃនៃសាកលវិទ្យាល័យ Korea University ក្នុងប្រទេស កូរ៉េខាងត្បូង នៅតែយល់ថា លោក គីម ពិតជាមានបញ្ហាសុខភាព។
លោក Cheong ពន្យល់ថា នៅក្នុងវីដេអូចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង លោក គីម ហាក់ដូចជាដើរមិននឹងខ្លួននោះទេ ហើយនេះអាចមាន ជាប់ពាក់ព័ន្ធ នឹងបញ្ហា «កជើង» ដែលលោកធ្លាប់វះកាត់កាលពីឆ្នាំ២០១៤ ជាពេលដែលលោកធ្លាប់បាត់ខ្លួនច្រើនជាង១ ខែឯណោះ។ ដោយឡែក លោក Nam Seong-wook ក៏យល់មិនខុសពីលោក Cheong នោះដែរ ដោយបញ្ជាក់ថា លោក គីម ពិបាកឈរក្នុងរយៈពេលយូរ ដូច្នេះហើយទើបលោកចាំបាច់ត្រូវអង្គុយ និងងើបឈរមួយសន្ទុះ។
លោក Nam បន្ថែមថានេះអាចជាមូលហេតុដែលធ្វើឱ្យលោក គីម ជុងអ៊ុន ខកខានចូលរួមក្នុងពិធីខួបកំណើតលើកទី១០៨ នៃជីតារបស់លោក គឺលោក គីម អ៉ីលស៊ុង កាលថ្ងៃទី១៥ ខែមេសា កន្លងទៅ ពីព្រោះលោកមិនអាចឈរយូរបាន ខណៈក្នុងពិធីនេះលោកត្រូវបានតម្រូវ ឱ្យឈរយ៉ាងហោចរយៈពេលមួយ១ម៉ោង។
* COVID-19
រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul បាននិយាយថា កាលពីសប្ដាហ៍មុនថា លោក គីម ជុងអ៊ុន បាត់ខ្លួនប្រហែលជាដោយសារ លោកកំពុងស្ថិត នៅកន្លែងណាមួយ ដើម្បីគេចកុំឱ្យឆ្លង COVID-19 ស្របពេលមានការសន្និដ្ឋានមួយចំនួនថា លោកអាចឆ្លង COVID-19 ក៏ថាបាន។ លោក គីម ធ្លាប់បានបង្ហាញខ្លួននៅតាមទីសាធារណៈជាច្រើនលើក ដោយមិនបានពាក់ម៉ាសឡើយ កំឡុងពិភពលោកកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19 បើទោះជាកូរ៉េខាងជើង មិនទាន់ប្រកាស ឬទទួលស្គាល់ពីការរកឃើញករណីឆ្លងជំងឺនេះក៏ដោយ។
បើតាមក្រុមអ្នកជំនាញ លោក គីម ទៅណាមកណាមិនពាក់ម៉ាស ដោយសារតែលោកមិនចង់ឱ្យប្រជាជនយល់ថា លោកជាមនុស្សទន់ខ្សោយ។ ម្យ៉ាងវិញទៀត ការកត់សម្គាល់របស់លោក Kim Yeon-chul ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយមានសេចក្ដីរាយការណ៍ថា ចិនបានបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅកាន់កូរ៉េខាងជើង ដែលនេះកាន់តែធ្វើឱ្យមជ្ឈដ្ឋានជាច្រើនគិតថា លោក គីម អាចឆ្លង COVID-19 ឬក៏ស្ថិតក្រោមការអនុវត្តវិធានការចត្តាឡីស័ក។ កំឡុងពេលបាត់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង បានចេញផ្សាយតែពីសកម្មភាពមេដឹកនាំរបស់ខ្លួន ដូចជាការផ្ញើសារទៅកាន់មេដឹកនាំនៃប្រទេសជាមិត្តដទៃរួមមាន ស៊ីរី គុយបា អាហ្វ្រិកខាងត្បូង និង កោតសរសើរកម្មករកូរ៉េខាងជើង បានចូលរួមក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងទីក្រុង Wonsan ជាទីដែលលោក គីម ត្រូវបានគេជឿជាក់បានស្ថិតនៅកំឡុងបាត់ខ្លួន។ យ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមិនបានប្រតិកម្ម និងមិននិយាយអ្វីទាំងអស់ពីស្ថានភាពសុខភាពលោក គីម ជុងអ៊ុន។
* ការធ្វើតេស្ដលើសមត្ថភាពចារម្មអាមេរិក និងកូរ៉េខាងត្បូង
បើតាមក្រុមអ្នកជំនាញ លោក គីម ជុងអ៊ុន ទំនងជាអាចឆ្លង COVID-19 ដោយមិនមានរោគសញ្ញាធ្ងន់ធ្ងរ ឬត្រូវបានធ្វើចត្តាឡីស័ក។ តែទន្ទឹមគ្នា លោកចង់ឆ្លៀតយកឱកាសនេះ ប្រើប្រាស់ព័ត៌មានពីការបាត់ខ្លួនរបស់លោក ដើម្បីធ្វើតេស្ដលើសមត្ថភាពចារកម្មអាមេរិក និងកូរ៉េខាងត្បូង។ ពោលគឺ លោកចង់ដឹងថា តើចារកម្មនៃប្រទេសទាំងពីរនេះ មានសមត្ថភាពដល់កម្រិតណា ឬថាតើពួកគេអាចកំណត់ពីទីកន្លែងដែលលោកស្ថិតនៅ និងអាចបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកបាន ដែរឬទេ។
មិនតែប៉ុណ្ណោះ ឆ្លៀតឱកាសនេះ លោក គីម ចង់ដឹងដែរថា តើកូរ៉េខាងជើង មានសមត្ថភាពលាក់បាំងព័ត៌មានដល់កម្រិតណាពីកន្លែងសុវត្ថិភាពនៃមេដឹកនាំ របស់ខ្លួន ហើយតាមរយៈពាក្យចចាមអារ៉ាម លោកចង់ឱ្យពិភពលោកមើលឃើញថា ព័ត៌មានដែលទីក្រុងព្យុងយ៉ាងមិនមែន ជាអ្នកអះអាងគឺនៅតែស្ថិត នៅក្នុងមន្ទិលសង្ស័យ គ្មានភាពច្បាស់លាស់។ លើសពីនេះទៅទៀត ស្របពេលប្រព័ន្ធផ្សព្វផ្សាយបរទេស នាំគ្នារាយការណ៍ថាលោកមានបញ្ហាសុខភាព ដោយសារតែចូលចិត្តជក់បារី លោក ក៏ចង់ធ្វើតេស្ដពីនយោបាយផ្ទៃក្នុងផងដែរ ថាតើមានអ្នកចង់ដណ្ដើមតំណែងពីលោក ឬពីគ្រួសារត្រកូល គីម ដែរទេ បើសិនមានជាមានរឿងអ្វីកើតឡើងលើ រូបលោកមែននោះ។
ជាឧទាហរណ៍ គ្រាន់តែមានពាក្យចចាមអារ៉ាមផ្ទុះភ្លាមៗ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំ បាននាំគ្នាវិភាគជាមុនពីអ្នកបន្តវេនពីលោកទៅហើយ ដែលក្នុងនោះមានដូចជាពូ របស់លោក គឺលោក Kim Pyong Il, ប្អូនស្រីរបស់លោកគឺអ្នកនាង គីម យូ ជុង និងលោក Choe Ryong Hae ជាសមាជិកការិយាល័យនយោបាយ និងអនុប្រធាន គណបក្សពលករកូរ៉េខាងត្បូង ដែលមិនមែនជាសមាជិកគ្រួសារត្រកូលគីម នោះទេ។ លោក Choe មានទំនាក់ទំនងជិតស្និទនឹងគ្រួសារអ្នកនាងគីម យូ ជុង ប៉ុន្តែលោក ត្រូវបានគេមើលឃើញថាជាមនុស្សម្នាក់អាចនឹងតស៊ូយកអំណាច ជាជាងគាំទ្រគ្រួសារត្រកូលគីម ព្រោះវាអាចជាវិធីតែមួយគត់ដែលឱ្យលោករស់នៅតទៅទៀត នៅក្នុង ករណី មានបញ្ហាណាមួយកើតឡើងលើលោក គីម។
ចាប់តាំងពីឡើងកាន់អំណាចចាប់តាំងឆ្នាំ២០១១ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាបានប្រហារជីវិតមន្រ្តី ជាន់ខ្ពស់ជាច្រើននាក់ ហើយលោក Choe ផ្ទាល់ក៏ធ្លាប់ត្រូវបានគេជម្រុះចោល កាលពីអតីកាលផងដែរ៕
ប្រភព៖ Al Jazeera (ថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២០)