(ញូយ៉ក)៖ ប្រជាជនអាមេរិកជិត ១៣៥,០០០នាក់ ត្រូវបានគេព្យាករណ៍ថា អាចនឹងស្លាប់ដោយសារ COVID-19 ចាប់ពីពេលនេះរហូតដល់ដើមខែសីហា ហើយដែលចំនួននេះកើនឡើងជិត ២ដង បើធៀបទៅនឹងការព្យាករណ៍កាលពីលើកមុន របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington)។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

ការកែប្រែការព្យាករណ៍ខាងលើរបស់វិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព (IHME) នៃសាកលវិទ្យាល័យ University of Washington ធ្វើឡើងដោយ ផ្អែកលើការបន្ធូរបន្ថយវិធានការ «រក្សាគម្លាតសុវត្ថិភាព» នៅក្នុងរដ្ឋចំនួន ៣១ ចាប់ពីថ្ងៃទី១១ ខែឧសភា ខាងមុខនេះតទៅ។ វិទ្យាស្ថាន IHME កាលពីពាក់កណ្ដាលក៏ធ្លាប់បានព្យាករណ៍ដែរថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង ៧៤,០០០នាក់ នៅខែសីហាខាងមុខនេះ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានរំពឹងថា ចំនួនប្រជាជនអាមេរិក​ដែលនឹងបាត់បង់ជីវិតសរុបដោយសារ COVID-19 នឹងតិចជាង ១០០,០០០នាក់ បន្ទាប់ពីលោកធ្លាប់បានអះអាងថា អ្នកស្លាប់អាចនឹងមានពី ៦០,០០០នាក់ ដល់ ៧០,០០០នាក់។ ប៉ុន្តែកាលពីថ្ងៃអាទិត្យកន្លងទៅ លោកបានទទួលស្គាល់ថា អ្នកស្លាប់អាចនឹងមានចំនួនច្រើនជាងនេះ ឬអាចដល់ ១០០,០០០នាក់។

បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ដោយសារ COVID-19 ៦៩,៩២១នាក់ ក្នុងចំណោមករណីឆ្លងសរុប ១,២១២,៨៣៥ករណី និងជាសះស្បើយឡើងវិញ ១៨៨,០២៧នាក់៕