(ប៉ារីស)៖ ប្រធាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បាននិយាយថា ប្រជាជនបារាំងទាំងអស់ នឹងត្រូវចំណាយពេលឈប់សម្រាករដូវក្ដៅនៅក្នុងប្រទេស ខណៈការធ្វើដំណើរកម្សាន្តអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចនឹងត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់រលកទី ២ នៃការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
លោក ម៉ាក្រុង បានលើកឡើងដូចខាងលើនេះ កំឡុងការបំពេញទស្សនកិច្ច ទៅកាន់សាលារៀនមួយកន្លែងនៅជាយក្រុងប៉ារីស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «វាដូចជាលឿនពេកដែលត្រូវនិយាយថា តើយើងអាចឈប់សម្រាកលំហែកាយបាន ដែរឬទេ... តែអ្វីដែលខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាបាន នោះគឺយើងនឹងដាក់កំហិត ក៏ដូចជារឹតត្បិតលើការធ្វើដំណើរកម្សាន្តអន្តរជាតិ ព្រមទាំងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប កំឡុងរដូវកាលឈប់សម្រាកនារដូវក្ដៅឆ្នាំនេះ»។
គួរជម្រាបថា បើតាមការគ្រោងទុក បារាំងនឹងបិទបញ្ចប់វិធានការបិទប្រទេស នៅថ្ងៃទី១១ ខែឧសភា ហើយការលុបចោលវិធានការនេះ ប្រជាជនបារាំងនឹងទទួលការអនុញ្ញាត ឱ្យធ្វើដំណើរក្នុងចំងាយ ១០០គីឡួម៉ែត្រ ជុំវិញផ្ទះរបស់ពួកគេ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតឡើយ។ ចំណែកឯការធ្វើដំណើរលើសពី ១០០គីឡូម៉ែត្រ ចាំបាច់ត្រូវការមានការត្រួតពិនិត្យ និងលិខិតអនុញ្ញាតជាមុនសិន។ បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ៨៖៤៤នាទី ព្រឹកថ្ងៃពុធនេះ បារាំងមានករណីឆ្លង COVID-19 សរុប ១៧០,៥៥១ករណី ក្នុងនោះស្លាប់ ២៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ៥២,៧៣៦នាក់៕