(ព្យុងយ៉ាង)៖ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង បានទទួលមេដាយកិត្តិយសមួយគ្រឿង ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសខួបលើកទី ៧៥ នៃជ័យជំនះរបស់ប្រទេសរុស្ស៊ី ក្នុងសង្គ្រាមលោកលើកទី ២។ នេះបើតាមប្រភពទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីននហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ឲ្យដឹងថា ពិធីប្រគល់មេដាយកិត្តិយសដើម្បីរំលឹក «ខួបលើកទី ៧៥ នៃជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ១៩៤១-១៩៤៥» ទៅដល់លោក គីម បានធ្វើឡើងនៅសាលសន្និបាតម៉ាន់ស៊ូដែ (Mansudae) កាលពីថ្ងៃអង្គារម្សិលមិញនេះ។
តាមប្រភពដដែលនេះបានបញ្ជាក់ទៀតថា មេដាយរំលឹកខួបនេះ ត្រូវបានប្រគល់ជូនដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង លោក អាឡិកសាន់ឌ័រ ម៉ាត់សាក់ហ្គូរ៉ា (Alexandr Matsegora) តំណាងរបស់លោក វ្ល៉ាឌីមៀ ពូទីន ទៅឲ្យលោករីសាន់ ហ្គុន (Ri Son Gwon) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង តំណាងឲ្យលោក គីម ជុងអ៊ុន៕