(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានគូសបញ្ជាក់ថា ប្រទេសចិនតែងតែបើកចំហកិច្ចសហប្រតិបត្តិការជានិច្ច ជាមួយអង្គការសុខភាពពិភពលោក WHO លើការគ្រប់បញ្ហាទាំងអស់ រួមទាំងបញ្ហាប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀល ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។
តាមរយៈអ្នកនាំពាក្យ លោកស្រី ហួ ឈុនយីង (Hua Chunying) ក្រសួងការបរទេសចិន បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថា បាននិយាយកហុករឿងមួយ ដើម្បីលាក់បាំងរឿងមួយទៀត ក្នុងការវាយប្រហារមកលើទីក្រុងប៉េកាំង ជុំវិញការឆ្លងរីករាលដាល នៃជំងឺ COVID-19។
គួរជម្រាបថា កាលពីពេលកន្លងទៅនេះ ទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោករដ្ឋមន្ត្រី Mike Pompeo បានអះអាងរៀងៗខ្លួនថា សហរដ្ឋអាមេរិកមានភស្តុតាង សំខាន់ដែលអាចបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីនេះ គឺមានប្រភពចេញមកពីមន្ទីរពិសោធន៍មួយកន្លែង នៅទីក្រុងវូហាន។ តែទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ រដ្ឋបាលលោក ត្រាំ មិនទាន់បានបង្ហាញភស្តុតាងណាមួយ ជុំវិញការអះអាងនេះនៅឡើយទេ។
ចំណែកឯ ភាគីចិនវិញ បានច្រានចោលការអះអាងទាំងនេះម្តងហើយម្តងទៀត ព្រមទាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការចោទគ្នាទៅវិញទៅមកដោយគ្មាន ភស្តុតាងជាក់លាក់ ដែលនាំឲ្យតែខាតពេលវេលា ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ប៉ុណ្ណោះទេ។
ទាក់ទិននឹងរឿងនេះដែរ អង្គការសុខភាពពិភពលោក WHO ក៏បានបញ្ជាក់ដែរថា ប្រភពដើមនៃវីរុសថ្មីនេះ គឺចេញមកពីសត្វ មុននឹងវាបានឆ្លងទៅមនុស្សជាតិរហូតមកទល់នឹង ពេលឥឡូវនេះ។ ពោលគឺគ្មានភស្តុតាងដែលអាចទទួលបានថា វាមានប្រភពមកពីមន្ទីរពិសោធន៍នោះទេ៕