(វ៉ាស៊ីនតោន)៖ ដោយសារភ័យខ្លាច មិនអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក មួយអាណត្តិទៀត នៅក្នុងការបោះឆ្នោតនៅខែវិចិ្ឆកា ឆ្នាំ២០២០នេះ លោក ដូណាល់ ត្រាំ បាន និងកំពុងព្យាយាមបិទបាំងព័ត៌មាន ជុំវិញស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងរាតត្បាត COVID-19។ នេះបើតាមកាសែតអាមេរិក Washington Post ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងអត្ថបទមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ Washington Post បានបញ្ជាក់ដូច្នេះថា៖ «រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចប់តួនាទីមន្ត្រីជាច្រើននាក់ ដែលលោកមើលឃើញថាមិនស្មោះត្រង់នឹងលោក, រារាំងមិនឱ្យអ្នកជំនាញផ្ដល់សក្ខីកម្មពីស្ថានភាព COVID-19 នៅចំពោះមុខសភាអាមេរិក, ទាត់ចោលស្ថិតិនានា ហើយបែរជាជំរុញឱ្យរដ្ឋនានាបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយមិនចាំបាច់មានការណែនាំ ពីសេតវិមាន និងថែមទាំងប្រកាសពីគម្រោងរំសាយអង្គភាពពិសេសប្រយុទ្ធប្រឆាំង COVID-19 ទៀតផង»។
អត្ថបទដដែលដោយមានការស្រង់សម្ដីពី លោក Max Skidmore ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់មកពីសាកលវិទ្យាល័យ University of Missouri-Kansas City បានសង្កត់ធ្ងន់ទៀតថា លោក ដូណាល់ ត្រាំ ធ្វើបែបនេះមួយផ្នែក ដោយសារព្រួយបារម្ភខ្លាចក្រែងប៉ះពាល់ដល់ការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ។ លោក Max បន្ថែមដូច្នេះថា៖ «បើសិនជាព័ត៌មានត្រូវបានចេញផ្សាយដោយតម្លាភាព ឬយុត្តិធម៌ពេញលេញ នោះវាអាចនឹងក្លាយ រឿងអន្តរាយមួយសម្រាប់លោក ត្រាំ...ដូច្នេះហើយទើបលោកព្យាយាមរារាំងអ្នកជំនាញរបស់លោក ចូលខ្លួនផ្ដល់សក្ខីកម្មចំពោះមុខសភា ឬនិយាយការ ពិតចេញមកក្រៅ ហើយសុខចិត្តធ្វើរឿងផ្សេង ដើម្បីបង្វែរការចាប់អារម្មណ៍»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមម៉ោង ១០៖០០ព្រឹក ថ្ងៃសុក្រនេះ សហរដ្ឋអាមេរិកមានឆ្លង COVID-19 ១,២៩២,៦២៣នាក់ ក្នុងនោះស្លាប់ ៧៦,៩២៨នាក់ និងជាសះស្បើយឡើងវិញ ២១៧,២៥០នាក់។ ប៉ុន្តែ ក្រុមអ្នកជំនាញជាច្រើន ព្រមានថាអ្នកស្លាប់អាចនឹងមានចំនួន ច្រើនជាងនេះ នៅពេលសហរដ្ឋអាមេរិក បើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ៕