(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក អ៊ែនឌ្រូ គ្យូម៉ូ (Andrew Cuomo) បានផ្ញើសារព្រមានទៅកាន់អាជ្ញាធរ និងមន្ត្រីសុខាភិបាលនៅទូទាំងរដ្ឋចំនួន ៤៩ផ្សេងទៀតរបស់សហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភពីរោគសញ្ញាដ៏ចម្លែកថ្មី មានទំនាក់ទំនងនឹងជំងឺ COVID-19 ដែលបានបង្កជំងឺធ្ងន់ធ្ងរ និងធ្វើឱ្យកុមារមួយចំនួនបានស្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

លោក Cuomo បាននិយាយថា រោគសញ្ញាដ៏ចម្លែកថ្មីនោះ បានផ្ដាច់ជីវិតកុមារបីនាក់ ក្នុងនោះមានម្នាក់នៅទីក្រុងញូយ៉ក និងពីរនាក់នៅក្នុងតំបន់ វែសត៍ឆេសស្ទឺរ (Westchester) និងតំបន់សាហ្វហ្វូក (Suffolk)។ ក្នុងចំណោមកុមារទាំងបីនាក់នេះ កុមារក្មេងជាងគេមានអាយុ ០៥ឆ្នាំ និងចាស់ជាងគេមានវ័យជំទង់ ហើយពួកគេសុទ្ធតែមានរោគសញ្ញា រលាកសរសៃឈាម។ លោក Cuomo បន្ថែមទៀតថា បច្ចុប្បន្នអាជ្ញាធរសុខាភិបាលរដ្ឋញូយ៉កកំពុងតាមដាន និងត្រួតពិនិត្យកុមារ ៨៥នាក់ ដែលមានរោគសញ្ញាពាក់ព័ន្ធនឹង COVID-19 ក៏ដូចជាកំពុងស៊ើបអង្កេត លើករណីកុមារពីរផ្សេងទៀតដែលបានស្លាប់ផងដែរ។

គួរជម្រាបថា កុមារដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ត្រូវបានគេរាយការណ៍ថា មានរោគសញ្ញារលាកសរសៃឈាម ឬបេះដូងជំនួសឱ្យរោគសញ្ញាធម្មតានៃ COVID-19។ បើតាមលោក Andrew Cuomo រោគសញ្ញាចម្លែកទាំងនេះមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺ toxic-shock និងកាវ៉ាសាគិ (Kawasaki) ដែលជាប្រភេទជំងឺកើតឡើងជាទូទៅ លើកុមារអាយុក្រោម ០៥ឆ្នាំ និងធ្វើឱ្យរលាកធ្ងន់ធ្ងរដល់បេះដូងកុមារ៕