(តូក្យូ)៖ ខេត្ត ឬតំបន់មួយចំនួន ដែលស្ថិតនៅក្នុងចំណោមខេត្តទាំង ៣៤របស់ជប៉ុនអាចនឹងត្រូវដកចេញពីគ្រាអាសន្ន មុនកាលកំណត់នៅថ្ងៃទី៣១ ខែឧសភា ដោយសារតែតំបន់ទាំងនោះ មិនសូវរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូស៊ី នីស៊ីមួរ៉ា (Yasutoshi Nishimura) ដែលត្រូវបានដកស្រង់ និងចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

ទីក្រុងតូក្យូ, ទីក្រុងអូសាកា និងខេត្ត ១១ផ្សេងទៀត មិនស្ថិតនៅក្នុងចំណោមតំបន់ ដែលត្រូវលុបចោលភាពអាសន្ន មុនកាលកំណត់នោះទេ។ នៅចំពោះមុខអង្គសភាជប៉ុននៅថ្ងៃចន្ទនេះ លោក Nishimura បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខេត្តចំនួន ៣៤... បើសិនជាយើងអាចបញ្ជាក់បានថា ចំនួនករណីឆ្លងថ្មីបន្តមានស្ថេរភាព នៅតាមខេត្ត ឬតំបន់ណាមួយ នោះតំបន់ ឬខេត្តទាំងនោះ នឹងត្រូវបានលុបចោលភាពអាសន្ន»។ ប៉ុន្តែទន្ទឹមគ្នានេះ លោក Nishimura ក៏បានសង្កត់ធ្ងន់ផងដែរថា វិធានការដាក់ឲ្យស្ថិតក្នុងគា្រអាសន្ន នឹងត្រូវបានដាក់ឱ្យអនុវត្តឡើងវិញ បើសិនជាមានករណីឆ្លងផ្ទុះឡើង ក្រោយការលុបចោលនេះ។

គួរជម្រាបថា រដ្ឋាភិបាលជប៉ុនកាលពីសប្ដាហ៍មុន បានអូសបន្លាយពេលអនុវត្តវិធានការ ដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ចុងខែឧសភា ជាមួយការបញ្ជាក់ថា ការលុបចោលវិធានការនេះ អាចនឹងត្រូវបានធ្វើឡើងមុនកាលកំណត់សម្រាប់ខេត្ត ឬតំបន់ខ្លះប៉ុណ្ណោះ។ បើតាមគេហទំព័រ worldometers មកទល់ពេលនេះ ជប៉ុនមានករណីឆ្លង COVID-19 សរុបចំនួន ១៥,៧៧៧ករណី ក្នុងនោះស្លាប់ ៦២៤នាក់ និងជាសះស្បើយឡើងវិញ ៨,១២៧នាក់៕