(តេហេរ៉ង់)៖ នាវាពិឃាតអ៊ីរ៉ង់មួយគ្រឿងត្រូវបានរាយការណ៍ថា បានបាញ់ទៅលើនាវារបស់ខ្លួនមួយគ្រឿងផ្សេងទៀត ដោយចៃដន្យដែលបានបណ្តាលឲ្យមនុស្សយ៉ាងយោចណាស់ ២០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានតួកគី TRT World នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើនេះបានកើតឡើង នៅក្នុងកំឡុងពេលធ្វើសមយុទ្ធយោធាមួយរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯឈូងសមុទ្រពែរ្ស។

របាយការណ៍បឋមបានអះអាងថា មីស៊ីលប្រភេទ C-802 ណូអ័រ (C-802 Noor) ត្រូវបានបាញ់ចេញពីនាវាពិឃាតមួយគ្រឿង ដែលមានឈ្មោះថា ហ្សាម៉ារ៉ាន (Jamaran) ហើយបានវាយប្រហារដោយចៃដន្យ ទៅលើនាវាមួយគ្រឿងផ្សេងទៀតមានឈ្មោះថា កូណារ៉ាក់ (Konarak) ដែលជានាវាដឹកទំនិញរបស់អ៊ីរ៉ង់។ ប្រភពពីឆ្មាំបដិវត្តអ៊ីរ៉ង់ ដែលហៅកាត់ថា IRGC បានចាត់ទុកឧប្បត្តិហេតុនេះថា ជាកំហុសរបស់មនុស្សតែប៉ុណ្ណោះ ទោះបីមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ពីយោធាអ៊ីរ៉ង់ក៏ដោយ។

គួរជម្រាបថា ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីសកម្មភាពនៅឯឈូងសមុទ្រពែរ្ស នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហាក់ជួបប្រទះភាពតានតឹងមួយកម្រិតឡើងវិញ ដោយសារតែការពាក់មុខយក្សដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

កាលពីចុងខែមេសាកន្លងទៅនេះ មានការប្រឈមមុខគ្នាយ៉ាងគ្រោះថ្នាក់មួយ រវាងកងទ័ពជើងទឹកអាមេរិក និងឆ្មាំសមុទ្រអ៊ីរ៉ង់ នៅជិតដែនទឹកអ៊ីរ៉ង់ក្នុងឈូងសមុទ្រពែក្ស។ ប្រការនេះវាបានធ្វើឲ្យអ៊ីរ៉ង់ បង្កើនសកម្មភាពសមយុទ្ធកងទ័ពជើងទឹក កាន់តែខ្លាំងបន្ថែមទៀត៕