(ម៉ូស្គូ)៖ គ្រោះអគ្គីភ័យមួយដែលទំនងជាបង្កឡើង ពីការផ្ទុះម៉ាស៊ីនជំនួយដង្ហើម (Ventilator) បានផ្តាច់ជីវិតអ្នកជំងឺ COVID-19 យ៉ាងហោច ០៥នាក់ក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង សង់ភីតធើស្បឺក (St. Petersburg) ដែលជាទីក្រុងធំលំដាប់លេខ ២ នៅប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធររុស្ស៉ីបានទទួលស្គាល់ថា ពិតជាមានអ្នកជំងឺ ក្នុងបន្ទប់សង្រ្គោះបន្ទាន់បាត់បង់ជីវិត នៅមន្ទីរពេទ្យមួយក្នុងទីក្រុង សង់ភីតធើស្បឺកប្រាកដមែន ប៉ុន្តែមិនបានបញ្ជាក់ថា មនុស្សប៉ុន្មាននាក់ឲ្យប្រាកដបានស្លាប់នោះឡើយ ខណៈមនុស្សប្រហែល ១៥០នាក់ ត្រូវបានជម្លៀសចេញភ្លាមៗពីក្នុងមន្ទីរពេទ្យ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ី ហេតុការណ៍អគ្គីភ័យនោះ ត្រូវបានបង្កឡើងដោយសារម៉ាស៊ីន Ventilator ដែលអ្នកជំងឺ COVID-19 ប្រើប្រាស់ក្នុងបន្ទប់សង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យ។ ប្រភពផ្សេងទៀតបានបញ្ជាក់ថា អ្នកជំងឺដែលបាត់បង់ជីវិតនោះ គឺជាអ្នកជំងឺ COVID-19។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏មានមនុស្សម្នាក់ស្លាប់ ក្នុងគ្រោះអគ្គីភ័យដែលបានកើតឡើង នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងម៉ូស្គូ ដែលព្យាបាលអ្នកជំងឺ COVID-19 ផងដែរ៕