(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ ដើម្បីតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលកម្សាន្តក្នុងក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ អ៊ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ជាទីដែលអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងក្លាយជាចំណុច កណ្ដាលនៃផ្ទុះករណីឆ្លង COVID-19 រលកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ករណីឆ្លងជំងឺ COVID-19 ប្រមាណ ១០១ករណី ត្រូវបានរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោម ត្រូវបានគេរកឃើញនៅឯក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ Itaewon ខណៈមនុស្ស ១០,៩០៥នាក់ ដែលបានមកកម្សាន្តក្នុងតំបន់មួយនេះ ត្រូវបានអាជ្ញាធរព្យាយាមទាក់ទង តាមរយៈទិន្នន័យទូរស័ព្ទដៃ ផ្ដល់ដោយក្រុមហ៊ុនសេវា ទូរស័ព្ទដៃ និងតាមសារដើម្បីស្នើឱ្យពួកគមកធ្វើតេស្ដ។
ប៉ុន្តែបើតាមលោក យូន ថេហូ (Yoon Tae-ho) ជានាយកទីស្នាក់ការកណ្ដាលគ្រប់គ្រងគ្រោះហន្តរាយកូរ៉េ (KDMH) មនុស្សជិត ២,០០០នាក់ដែលត្រូវបានគេជឿជាក់ថា ធ្លាប់មកកម្សាន្តតាមក្លឹប ឬបារក្នុងតំបន់ Itaewon នៅតែមិនអាចទាក់ទងបាននៅឡើយ ដូច្នេះហើយទើបអាជ្ញាធរបានសម្រេចចិត្ត ដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ តាមរកអ្នកទាំងនេះឱ្យមកធ្វើតេស្ដ។
គួរជម្រាបថា កូរ៉េខាងត្បូងដែលត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកថាជាប្រទេសគំរូមួយ ក្នុងការដោះស្រាយវិបត្តិ COVID-19 បច្ចុប្បន្នកំពុងប្រឈមមុខនឹងការផ្ទុះឡើងជាថ្មី នៃជំងឺឆ្លងរាតត្បាតសកលមួយនេះ បន្ទាប់ពីករណីឆ្លងជាចង្កោម ត្រូវបានគេរករឃើញនៅតាមក្លឹបកម្សាន្ត និងបារនៅក្នុងតំបន់ Itaewon នៃទីក្រុងសេអ៊ូល។ ការឆ្លងជាចង្កោមនេះទៀតសោត ក៏បានបង្ខំផងដែរឱ្យអាជ្ញាធរកូរ៉េខាងត្បូង បង្ខំចិត្តពន្យារពេលបើកសាលារៀនឡើងវិញផង៕