(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក US-CDC នាថ្ងៃចន្ទសប្តាហ៍នេះ បានចេញរបាយការណ៍ឲ្យដឹងថា កាលពីចន្លោះខែមីនា និងដើមខែឧសភានេះ ប្រហែលជាមានករណីមនុស្សស្លាប់ច្រើនជាង៥,០០០នាក់ នៅក្នុងទីក្រុងញូយ៉កស៊ីធី ដែលមិនត្រូវបានបញ្ជាក់ឲ្យច្បាស់ថា មានជាប់ពាក់ព័ន្ធនឹង COVID-19 ដែរឬក៏អត់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ដោយយោងទៅតាមរបាយការណ៍ខាងលើ វាមានន័យថាតួលេខពិតប្រាកដនៃចំនួនអ្នកបាត់បង់ជីវិត និងឆ្លង COVID-19 នៅញូយ៉កស៊ីធី ទំនងជាខ្ពស់ឆ្ងាយជាងអ្វីដែលបង្ហាញក្នុងរបាយការណ៍ផ្លូវការ ព្រោះថាអាចមានអ្នកជំងឺជាច្រើន ដែលមិនត្រូវបានរកឃើញ។ យោងតាមរបាយការណ៍នោះ តួលេខផ្លូវការនៃអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតនៅទីក្រុងញូយ៉កស៊ីធី ដោយមានការផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ គឺ១៣,៨៣១នាក់ ខណៈករណីអ្នកស្លាប់ដែលអាចពាក់ព័ន្ធជាមួយជំងឺនេះ គឺ៥,០៤៨នាក់ គិតក្នុងចន្លោះថ្ងៃទី១១ ខែមីនា និងថ្ងៃទី០២ ខែឧសភា។
ទីភ្នាក់ងារ CDC អាមេរិក បានបញ្ជាក់ក្នុងរបាយការណ៍ថា តួលេខទាំងពីរប្រភេទនេះ អាចមិនរាប់បញ្ចូលនូវករណីស្លាប់ ក្នុងចំណោមបុគ្គល ដែលមានផ្ទុក COVID-19 ប៉ុន្តែមិនត្រូវបានធ្វើរោគវិនិច្ឆ័យ ឬធ្វើតេស្តចេញលទ្ធផល «អវិជ្ជមានខុស» ឬឆ្លងជំងឺក្រោយធ្វើតេស្តចេញអវិជ្ជមាន ឬស្លាប់នៅក្រៅប្រព័ន្ធមន្ទីរពេទ្យ ឬក៏មិនត្រូវបានមន្ទីរពេទ្យដាក់ការសង្ស័យលើ COVID-19 ជាមូលហេតុនៃការស្លាប់។ តួលេខទាំងនេះក៏មិនរាប់នូវករណីអ្នកស្លាប់ ដែលមិនជាប់ទាក់ទងផ្ទាល់ជាមួយការឆ្លង COVID-19 ផងដែរ។
ទីភ្នាក់ងារ CDC បានបន្ថែមថា មានករណីមនុស្សស្លាប់៥,២៩៣នាក់ផ្សេងទៀត ដែលពុំត្រូវបានកំណត់ថា ជាករណីស្លាប់មានការផ្ទៀងផ្ទាត់ពីមន្ទីរពិសោធន៍ ឬករណីប្រហែលនោះឡើយ។
គួរជម្រាបថា នៅសហរដ្ឋអាមេរិក ទីក្រុងញូយ៉កស៊ីធីនៃរដ្ឋញូយ៉ក គឺជាចំណុចដែលមានការឆ្លងរាលដាលខ្លាំងជាងគេ។ គិតត្រឹមពេលនេះ តួលេខផ្លូវការនៃអ្នកជំងឺ COVID-19 ដែលស្លាប់នៅញូយ៉កស៊ីធី គឺ២០,០០០នាក់ គិតទាំងករណីស្លាប់ ដែលមានការផ្ទៀងផ្ទាត់ពីមន្ទីពិសោធន៍ និងករណីប្រហែល៕