(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ឲ្យដឹងថា អាជ្ញាធរក្រុងវូហាន នៃខេត្តហ៊ូប៉ី របស់ប្រទេសចិន គ្រោងនឹងធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជន ទាំងអស់របស់ខ្លួន ដែលមានរហូតទៅដល់១១ លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ផែនការនេះ ត្រូវបានលើកឡើងក្រោយពីទីក្រុងវូហាន ដែលជាចំណុចផ្ទុះឡើងដំបូងនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានកត់ត្រាករណីឆ្លងថ្មីចំនួន ០៦ករណី កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយនៅមុននេះមិនមានឡើយករណីឆ្លងថ្មីត្រូវបានរាយការណ៍ តាំងពីថ្ងៃទី០៣ ខែមេសា មកម្លេះ។
ដោយឡែក បើតាមប្រព័ន្អផ្សព្វផ្សាយរដ្ឋចិន Global Times គ្រប់អាជ្ញាធរទាំងអស់នៅក្នុងទីក្រុងវូហាន តម្រូវឲ្យរៀបចំផែនការធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជន របស់ខ្លួន ក្នុងរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃត្រង់នៅថ្ងៃអង្គារ សប្តាហ៍នេះតទៅ។ សង្កាត់នីមួយៗ ទទួលខុសត្រូវចំពោះផែនការផ្ទាល់រៀងៗខ្លួនដោយផ្អែកលើ ទំហំប្រជាជនរបស់ពួកគេ និងថាតើបច្ចុប្បន្ននេះមានការផ្ទុះឡើង នៃករណីឆ្លងយ៉ាងសកម្មដែរឬទេ។
ទោះជាយ៉ាងណា មន្ត្រីសុខាភិបាលជាន់ខ្ពស់ជាច្រើនរូប ដែលដកស្រង់សម្តីដោយកាសែត Global Times បានអះអាងថា ការធ្វើតេស្តទីក្រុងទាំងមូលនឹងមិនអាច ទៅរួចទេ ដ្បិតថាវាត្រូវការចំណាយច្រើនណាស់។ លោក Ping Zhiyong ប្រធានផ្នែកថែទាំជំងឺ នៃមន្ទីរពេទ្យ Zhunnan នៃសាកលវិទ្យាល័យ Wuhan បានលើកឡើងថា ជំនួសឲ្យការធ្វើតេស្តលើប្រជាជនទាំងអស់ គួរតែផ្តោតសំខាន់ល់បុគ្គលិកពេទ្យ ជនងាយរងគ្រោះ ក៏ដូចជាជនដែលធ្លាប់មានប្រវត្តិទំនាក់ទំនងនឹង អ្នកជំងឺមុនៗ វិញប្រសើរជាង៕