(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០១ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០៦ករណីផ្សេងទៀត គឺឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ០១ករណីដែលជាករណីនាំចូលពីក្រៅប្រទេសខាងលើនេះ គឺត្រូវគេបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai)។ ចំណែកឯ ០៦ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុក ត្រូវបានគេរកឃើញនៅខេត្តជីលីន (Jilin) ភាគឦសានប្រទេស។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៨,១៨៩នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃអង្គារ។
គួរជម្រាបថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ០៧ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩២៦ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលជិតមួយខែកន្លងមកនេះ៕