(រីយ៉ូ)៖ នៅទីបំផុតប្រទេសប្រេស៊ីលមានករណីឆ្លងជំងឺ COVID-19 រហូតដល់លើសកន្លះលាននាក់ហើយ បន្ទាប់ពីអ្នកឆ្លង ១៦,៤០៩នាក់ទៀត ត្រូវបានប្រកាសនៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ (ពេលវេលានៅប្រេស៊ីល) ដោយត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

បន្ថែមពីខាងលើនេះ អ្នកជំងឺ ៤៨០នាក់ទៀតក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងរយៈពេលដូចគ្នា នាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសអាមេរិកឡាទីនមួយនេះ កើនឡើងរហូតដល់ ២៩,៣១៤នាក់។ ដោយឡែកអាជ្ញាធរប្រេស៊ីលក៏បានបង្ហើប អំពីចំនួនមនុស្សស្លាប់រហូតដល់ទៅ ៤,២០៨នាក់ទៀតផងដែរ ដោយអាជ្ញាធរនៅមិនទាន់ដឹងថា បានជាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 ដែរ ឬក៏យ៉ាងណានោះឡើយ។

គួរបញ្ជាក់ថា ប្រេស៊ីលដែលជាប្រទេសធំបំផុត ប្រចាំនៅតំបន់អាមេរិកខាងត្បូង បានឡើងមកឈរនៅលេខរៀនទី ២ ជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកតំបន់អាមេរិកឡាទីនទាំងមូល ជាចំណុចស្នូលថ្មីនៃការផ្ទុះរាលដាលជំងឺ COVID-19 ខ្លាំងជាងគេលើលោក។ បច្ចុប្បន្នប្រេស៊ីលមានករណីឆ្លង COVID-19 សរុបរហូតដល់ ៥១៤,៨៤៩ករណី ក្នុងនោះស្លាប់ ២៩,៣១៤នាក់ និងជាសះស្បើយឡើងវិញ ២០៦,៥៥៥នាក់៕