(បរទេស)៖ បាតុភូតសូរ្យគ្រាសប្រចាំឆ្នាំ នឹងកើតកើតឡើងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះហើយ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងវិញ គឺអាចនឹងពិបាកមើលឃើញ ព្រោះតែភាគរយនៃផ្ទៃព្រះច័ន្ទ ដែលបិទបាំងពន្លឺអាទិត្យមកលើផ្ទៃដីប្រទេសយើងនោះ មានត្រឹមតែជាង ៣៦% តែប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ពីវែបសាយ Time and Date នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។

បើតាមផែនទីបង្ហាញដោយវែបសាយខាងលើ ប្រទេសដែលអាចមើលឃើញសូរ្យគ្រាស ខាងលើនេះពេញលេញតែម្តងនោះមានដូចជា៖ ភាគកណ្តាលប្រទេសចិន, កោះតៃវ៉ាន់, ភាគខាងជើងប្រទេសឥណ្ឌា, ភាគខាងត្បូងប្រទេសប៉ាគីស្ថាន, ប្រទេសអូម៉ង់, ប្រទេសយ៉េមែន, ប្រទេសអេត្យូពី, ប្រទេសស៊ូដង់ខាងត្បូង និងប្រទេសភាគកណ្តាលទ្វីបអាហ្វ្រិកមួយចំនួនទៀត។

សម្រាប់បាតុភូតសូរ្យគ្រាសដោយផ្នែកនៅថ្ងៃទី២១ ខែមិថុនា ដែលប្រទេសកម្ពុជារបស់យើង នឹងទទួលរងឥទ្ធិពលតិចតួចខាងលើនេះ ត្រូវបានបែងចែកជាពេលវេលាដូចខាងក្រោម៖

* រយៈពេលសរុបនៃសូរ្យគ្រាស (Partial Solar Eclipse)៖ ២ម៉ោង ៤៥នាទី និង២៩វិនាទី
* ការចាប់ផ្តើមនៃសូរ្យគ្រាស (Partial Solar Eclipse)៖ ម៉ោង ១៖៣០នាទីរសៀល
* សូរ្យគ្រាសពេញលេញ (៣៦,៨៤% Partial Solar Eclipse)៖ ម៉ោង ៣៖០១នាទីរសៀល
* សូរ្យគ្រាសបញ្ចប់ (Partial Solar Eclipse)៖ ម៉ោង ៤៖១៦នាទីរសៀល

សម្រាប់សូរ្យគ្រាសចិញ្ចៀនភ្លើងដែលនឹងកើតឡើងនេះវិញ គឺព្រោះតែវានឹងចំពេលដែលព្រះច័ន្ទ មានគម្លាតឆ្ងាយពីផែនដីជាងគម្លាតកម្រិតមធ្យម ហេតុដូច្នេះហើយទើបវាមិនអាចបាំងពន្លឺព្រះអាទិត្យអស់ នៅពេលដែលបាតុភូតសូរ្យគ្រាសកើតឡើង។ នៅពេលបិទពន្លឺមិនជិតបែបនេះ ពន្លឺព្រះអាទិត្យដែលនៅសល់ នឹងស្ថិតនៅជារង្វង់ព័ទ្ធជុំវិញស្រមោលព្រះច័ន្ទ ហើយក្លាយជាទៅជាសូរ្យគ្រាសចិញ្ចៀនភ្លើងតែម្តង។

ជាធម្មតាគម្លាតរវាងព្រះច័ន្ទ និងផែនដី មិនថិតថេរនោះឡើយ ដោយពេលខ្លះព្រះច័ន្ទអាចទៅដល់ឆ្ងាយពីផែនដីបំផុត រហូតដល់ ៤០៥,៦៩៦គីឡូម៉ែត្រ និងពេលខ្លះមកជិតបំផុតត្រឹម ៣៦៣,១០៤គីឡូម៉ែត្រ។ ដូច្នេះទើបក្រុមអ្នកសិក្សា កំណត់យកកម្រិតមធ្យមជាគម្លាតផ្លូវការវាងផែនដី និងព្រះច័ន្ទនោះគឺ ៣៨៤,៤០០គីឡូម៉ែត្រ។ មូលហេតុនៃការប្រែប្រួលនេះគឺជាបាតុភូតធម្មជាតិ កើតឡើងដោយសារតែ កម្លាំងទំនាញរវាងផែនដី និងមិនព្រះច័ន្ទ ដែលមិនមានតម្លាភាព ១០០%តែម្តងនោះឡើយ។

សូរ្យគ្រាសអាចកើតឡើងទៅបាន ទាល់តែនៅអំឡុងដំណើរគោចររបស់ផែនដី និងព្រះច័ន្ទជុំវិញព្រះអាទិត្យ វត្ថុទាំងបីឈានដល់ចំណុចមួយ ដែលធ្វើឲ្យពួកវាស្ថិតក្នុងលក្ខណៈ តម្រៀបជួរគ្នាជាខ្សែបន្ទាត់ត្រង់មួយ ដោយព្រះអាទិត្យ និងផែនដី ស្ថិតនៅចំហៀងម្ខាងម្នាក់នៃព្រះច័ន្ទ។ ជាទូទៅក្នុងមួយឆ្នាំមានបាតុភូតសូរ្យគ្រាសចន្លោះពី ២-៥ដង។ យោងតាមការកំណត់របស់ក្រុមអ្នកវិទ្យាសាស្រ្ត បាតុភូតសូរ្យគ្រាសត្រូវបានបែងចែកចេញជា ០៣ប្រភេទរួមមាន៖ សូរ្យគ្រាសពេញលេញ (Total Solar Eclipse), សូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) និងសូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Eclipse)៕