(វ៉ាស៉ីនតោន)៖ វិទ្យាស្ថានជាតិសុខាភិបាលរបស់សហរដ្ឋអាមេរិក NIH នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា បានឲ្យដឹងថា ខ្លួនបានសម្រេចបញ្ឈប់ ការធ្វើតេស្តដែលសំដៅវាយតម្លៃពីសុវត្ថិភាពនិងប្រសិទ្ធិភាព នៃថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Hydroxychloroquine ក្នុងការព្យាយាមអ្នកឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។

យោងទៅតាមសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថាន NIH ការសិក្សាបានរកឃើញថា ថ្នាំ Hydroxychloroquine ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជារឿយៗថា អាចជាថ្នាំសម្រាប់ព្យាយាមជំងឺ COVID-19 នោះ គឺតាមពិតមិនអាចផ្តល់អត្ថប្រយោជន៍ធំដុំ ណាមួយដល់អ្នកជំងឺឡើយ ប៉ុន្តែស្របពេលជាមួយគ្នាវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ។ NIH បានប្រកាសពីការធ្វើតេស្តថ្នាំនេះ កាលពីខែមេសា កន្លងទៅ។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការធ្វើតេស្តថ្នាំ Hydroxychloroquine របស់ខ្លួន ដែលប្រព្រឹត្តទៅនៅតាមប្រទេសមួយចំនួន សម្រាប់អ្នកជំងឺ COVID-19 ត្រូវបានបញ្ឈប់ទៅវិញ ក្រោយទិន្នន័យនិងការសិក្សាថ្មីៗបង្ហាញថា ថ្នាំនេះមិនអាចជួយអ្វីបាន។ ចំណែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងថ្នាំរបស់អាមេរិក បានលុបចោល វិញនូវការអនុញ្ញាតឲ្យប្រើថ្នាំ Hydroxychloroquine ក្នុងករណីបន្ទាន់ ដើម្បីព្យាយាមអ្នកជំងឺ COVID-19៕