(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសៅរ៍ ទី២០ ខែមិថុនា បាននិយាយថា សភាអាមេរិកគួរតែអនុម័តច្បាប់ថ្មី មួយ ដើម្បីតម្រូវឲ្យជនទាំងឡាយណាដែលហ៊ានដុតទង់ជាតិអាមេរិក ត្រូវតែជាប់ពន្ធនាគារយ៉ាងហោចណាស់១ឆ្នាំ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Business Insider នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។

កំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្រុមបាតុករមួយចំនួនបាននាំគ្នាដុតបំផ្លាញទង់ជាតិអាមេរិក ក្នុងបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលិស ដែលបានកើតឡើងនៅពាសពេញសហរដ្ឋអាមេរិក។ កំឡុងការជួបជុំក្រុមអ្នកគាំទ្រសាជាថ្មីឡើងវិញជាលើក ដំបូងនៅឯទីក្រុង Tulsa នៃរដ្ឋ Oklahoma លោក ត្រាំ បានរិះគន់លើក្រុមបាតុករនានា ដែលបានរំលំរូបសំណាកសំខាន់ៗ ក្នុងនោះរួមមាន ទាំងការទាញរំលំរូបសំណាកលោក George Washington ដែលត្រូវគេយកទង់ជាតិអាមេរិក ទៅដុតពីលើថែមទៀត។

គួរជម្រាបថា ខណៈលោក ត្រាំ ចង់ឲ្យសភាអនុម័តច្បាប់ថ្មីដើម្បីដាក់គុកអ្នកដុតបំផ្លាញទង់ជាតិអាមេរិក បើតាមការសម្រេចចិត្តកន្លងមក ដោយតុលាការកំពូលអាមេរិក គឺមានតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីប៉ុណ្ណោះ ដែលអាចចាត់ទុកការដុតទង់ជាតិ ជាទង្វើល្មើសច្បាប់ បាន៕