(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលបារាំង កំពុងបង្កើនការធ្វើតេស្ដរក COVID-19 ដោយឥតគិតថ្លៃ ខណៈអត្រាឆ្លងកើនឡើងខ្ពស់ជាថ្មី បន្ទាប់ពីវិធានការបិទប្រទេស ត្រូវបានដកចេញ ចាប់តាំងពីខែឧសភា មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។

ការធ្វើតេស្ដលើសំណាក រក COVID-19 នឹងត្រូវធ្វើឡើងដោយឥតគិតថ្លៃ តាមសំណើមួយនៅក្រោមបទបញ្ជារបស់រដ្ឋាភិបាល ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឡឺ ប៉ារីសៀន (Le Parisien) នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក អូលីវីយ៉ែ វ៉ែរ៉ង់ (Olivier Veran) បានលើកឡើងដូច្នេះថា៖ «យើងមិនចង់ហៅវាថាជារលកទី២ឡើយ។ ប៉ុន្តែអ្វីដែលច្បាស់ នោះគឺថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អត្រាឆ្លង COVID-19 បាន កើនឡើងជាថ្មី ក្រោយធ្លាក់ចុះអស់រយៈពេល១៣សប្ដាហ៍មកនេះ»

គួរបញ្ជាក់ថា គិតត្រឹមចុងសប្ដាហ៍នេះ បារាំងមានអ្នកឆ្លង COVID-19 ១៨០,៥២៨នាក់ ក្នុងនោះស្លាប់ ៣០,១៩២នាក់៕