(តិចសាស់)៖ ព្យុះហឺរីខិន ហាន់ណា (Hurricane Hanna) បានបក់បោកទៅដល់តំបន់ភាគខាងត្បូង នៃរដ្ឋតិចសាស់, សហរដ្ឋអាមេរិកហើយ ខណៈក្រុមមន្ត្រីអាមេរិក បានព្រមានថាព្យុះមួយអាចនឹងគំរាមកំហែងដល់អាយុជីវិតមនុស្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។

ព្យុះហឺរិខិន ហាន់ណា បានបក់បោកមកដល់កោះ Padre Island កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) និងកំពុងវាយប្រហារតំបន់ស្ថិតនៅចន្លោះទីក្រុង Corpus Christi និងទីក្រុង Brownsville នៃរដ្ឋតិចសាស់ ជាមួយកម្លាំងខ្យល់១៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បើតាមក្រុមមន្ត្រីអាមេរិក ព្យុះហឺរីខិន ក៏អាចនឹងបង្កឱ្យ មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចេញសារព្រមានពីគ្រោះមហន្តរាយ សម្រាប់តំបន់ចំនួន៣២ ហើយលោកថែមទាំងអះអាង ផងដែរថា ហាន់ណា អាចនឹងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។

គួរបញ្ជាក់ថា រដ្ឋតិចសាស់ កំពុងប្រឹងប្រែងប្រយុទ្ធ និងទប់ស្កាត់ COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំង នៅក្នុងរដ្ឋមួយនេះដែលស្ថិតនៅភាគខាងត្បូង សហរដ្ឋអាមេរិក។ បច្ចុប្បន្ន រដ្ឋតិចសាស់ មានអ្នកឆ្លង COVID-19 ច្រើនជាង ៣៨០,០០០នាក់ ក្នុងនោះស្លាប់ជិត ៥,០០០នាក់៕