(ហុងកុង)៖ ភាពតានតឹងនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ន មានសភាពអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ រហូតដល់ធ្វើឱ្យ ក្រុមអ្នកជំនាញខ្លះបង្ហាញការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះជម្លោះយោធាដោយផ្ទាល់រវាងមហាអំណាចទំាង២ ដែលអាចនឹងបង្កទៅជាសង្រ្គាមលោក ដោយអូសទាញប្រទេស ដទៃឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម។

ប្រទេសជាច្រើន បានបញ្ជាក់យ៉ាងច្បាស់ៗថាពួកគេមិនចង់ឃើញជម្លោះយោធាដោយផ្ទាល់រវាងចិន និងអាមេរិក ផ្ទុះឡើងឡើយ។ ប៉ុន្តែ ក្រុមអ្នកវិភាគផ្នែកយោធា បាននិយាយថា បើសិនជម្លោះផ្ទុះឡើងដោយជៀសមិនរួច នោះវានឹងបង្ខំឱ្យប្រទេសដទៃនៅក្នុងតំបន់អាស៊ី ត្រូវធ្វើការជ្រើសរើសដ៏លំបាកថាតើពួកគេ គួរតែឈរនៅខាងចិន ឬនៅខាង សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ បាន និងកំពុងធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយសារបញ្ហាជាច្រើនក្នុងនោះ រួមមានទាំងការប្រជែងឥទ្ធិពល, ជម្លោះពាណិជ្ជកម្ម, បច្ចេកវិទ្យា, តៃវ៉ាន់, សមុទ្រចិនខាងត្បូង និង COVID-19។

លោក Timothy Heath ជាអ្នកស្រាវជ្រាវផ្នែកវិស័យការពារជាតិជាន់ខ្ពស់ម្នាក់មកពីវិទ្យាសា្ថនស្រាវជ្រាវអាមេរិក Rand Corporation បានកត់សម្គាល់ថាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក កំពុងធ្វើឱ្យតំបន់អាស៊ីទាំងមូលតានតឹងដូចគ្នា ហើយទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែកំពុងស្វះស្វែងរកការគាំទ្រពីបណ្ដាប្រទេសនៅក្នុង តំបន់អាស៊ី និងជុំវិញពិភពលោករៀងៗខ្លួន។ លោក Timothy Heath បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែអាក្រក់ឡើង ឬក៏ផ្ទុះទៅជាសង្រ្គាម នោះប្រទេសភាគច្រើនប្រហែលជានឹងជ្រើសរើសឈរនៅខាងសហរដ្ឋអាមេរិក ជាជាងឈរនៅខាងចិន ដោយសារតែសន្ធិសញ្ញា និងសម្ព័ន្ធភាពដែលមានស្រាប់ជាមួយអាមេរិក ខណៈប្រទេសអាស៊ីមួយចំនួនកំពុងមានជម្លោះដែនទឹកជាមួយចិន»។

លោក Heath បន្ថែមថាចិន មានសម្ព័ន្ធមិត្តជិតស្និទតិចតួច ប៉ុណ្ណោះដូចជារុស្ស៊ី និងកូរ៉េខាងជើងជាដើម។ បើសិនជាជម្លោះផ្ទុះឡើងកូរ៉េខាងជើងអាចនឹងចូលរួមក្នុងជម្លោះដោយ ផ្ទាល់ ដើម្បីជួយចិនប្រឆាំងសហរដ្ឋអាមេរិក។ ប៉ុន្តែ រុស្ស៊ីវិញ ប្រហែលជានឹងមិនលូកដៃចូលដោយផ្ទាល់ឡើយ ដោយសុខចិត្តផ្ដល់ការគាំទ្រផ្សេងៗ និងព័ត៌មានស៊ើបការណ៍សំងាត់ឱ្យចិន ហើយរង់ចាំកាលៈទេសៈល្អ ទើបលូកដៃចូលជួយតាមក្រោយ។ បើតាមលោក Timothy Heath សហរដ្ឋអាមេរិក មានសម្ព័ន្ធមិត្តនៅអាស៊ីដូចជា ជប៉ុន, តៃវ៉ាន់, កូរ៉េខាងត្បូង, ឥណ្ឌា, អូស្រ្តាលី, នូវែលសេឡង់, ហ្វីលីពីន, វៀតណាម និងថៃ រួមទាំងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តែទោះជាយ៉ាងនេះក្ដី លោក Timothy Heath យល់ថាសហរដ្ឋអាមេរិក និងចិន នឹងមិនបណ្ដោយឱ្យជម្លោះយោធាដោយផ្ទាល់ ឬសង្រ្គាមណាមួយផ្ទុះឡើងងាយៗនោះទេ ហើយ បណ្ដាប្រទេសដែលឈរនៅខាងអាមេរិក ក៏មិនចង់ឃើញសង្រ្គាមផ្ទុះឡើងដែរ ដោយសារតែប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេជាមួយចិន។ ដូច្នេះទាំង ជប៉ុន, តៃវ៉ាន់, ឥណ្ឌា, អូស្រ្តាលី, នូវែលសេឡង់, ហ្វីលីពីន និងវៀតណាម ដែលមិនសូវមានទំនាក់ទំនងល្អជាមួយចិន នាពេលបច្ចុប្បន្ន អាចនឹងប្រកាន់ជំហអព្យាក្រឹត្យជាយុទ្ធសាស្រ្តជំហានដំបូង ដោយស្នើឱ្យអាមេរិក និងចិន ដោះស្រាយជម្លោះតាមផ្លូវការទូត, បទដ្ឋានអន្តរជាតិ និងពហុភាគីនិយម។ ក៏ប៉ុន្តែ បើសិនជាសង្រ្គាមផ្ទុះឡើងដោយជៀសមិនរួច នោះបណ្ដាប្រទេសទាំងនេះនឹងជ្រើសរើស នៅខាងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការសិក្សាស្រាវមួយរបស់វិទ្យាស្ថាន Pew research កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ បានបង្ហាញ ប្រទេសជាច្រើននៅលើពិភពលោក ក្នុងរួមមាន កូរ៉េខាងត្បូង, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ជប៉ុន និងឥណ្ឌាជាដើម នៅតែចាត់ទុកសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តជាងចិន៕

ប្រភព៖ South China Morning Post