(ហ្សាការតា)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,៤៩២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០។

បើតាមទិន្នន័យចេញផ្សាយនៅលើគេហទំព័រក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បូកបញ្ចូលតួលេខឆ្លងថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៩៨,៧៧៨នាក់ ដែលជាតួលេខអ្នកឆ្លង ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណែកឯ អ្នកស្លាប់វិញក៏បានកើនដល់ ៤,៧៨១នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៦៧នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយដូចគ្នា ខណៈ៥៦,៦៥៥នាក់ ជាសះស្បើយឡើងវិញ៕