(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានប្រកាសនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនកំពុងជម្លៀសមនុស្សប្រមាណ ៨០.០០០នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងដាណាង (Da Nang) ភាគកណ្ដាលប្រទេស បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ០៣នាក់បន្ថែមទៀត នៅក្នុងទីក្រុងទេសចរណ៍ដ៏ល្បីមួយនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី CNA។

រដ្ឋាភិបាលទីក្រុងហាណូយ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៏មួយថា ការជម្លៀសចេញនេះនឹងចំណាយពេលយ៉ាងតិចចំនួនបួនថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដែលធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។

គួរបញ្ជាក់ គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបកើនដល់ ៤២០ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ និងគ្មានករណីស្លាប់នោះទេ៕