(បេរូត)៖ ហេតុការណ៍ផ្ទុះដ៏កក្រើក នៅរដ្ឋធានីបេរូត (Beirut) ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោច១៤៥នាក់បានស្លាប់ និងជាង៥,០០០នាក់ រងរបួសកាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបន្ថែមបញ្ហាមួយទៀតលើប្រទេសលីបង់ ដែលកំពុងតែស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលក្រុងបេរូត លោក Marwan Abboud បានប៉ាន់ប្រមាណថាការផ្ទុះនេះបានធ្វើឲ្យលីបង់ខាតបង់ ប្រាក់ពី ៣ទៅ ៥ពាន់លានដុល្លារ ខណៈដែលប្រទេសទាំងមូលកំពុងតែស្ថិតក្នុងវិបត្តិនយោបាយផង និងវិបត្តិសេដ្ឋកិច្ចផងដែរបង្កឡើង COVID-19។ បច្ចុប្បន្ននេះ ប្រទេស លីបង់ កំពុងជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានអូសបន្លាលជាច្រើនខែមកហើយ។ នៅក្នុងរបាយការណ៍ដែល បានចេញផ្សាយដោយកាសែតឯករាជ្យមួយកាលពី ខែកក្កដាកន្លងទៅ បានឲ្យដឹងថា សហព័ន្ធការងារលីបង់ បានវាយតម្លៃថា ប្រជាជនលីបង់ចំនួន ១៥០,០០០ នាក់បានបាត់បង់ការងារក្នុងឆ្នាំ២០២០នេះ ចំពេលសេដ្ឋកិច្ច កំពុងតែធ្លាក់ចុះយ៉ាងគំហុក។

ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ រដ្ឋាភិបាលលីបង់ នៅតែបន្តខ្វែងគំនិតគ្នា ហើយគ្មានឆន្ទៈក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បី ទទួលបានជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យមានផ្ទុះការតវ៉ានៅទូទាំងប្រទេស បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បឹត។

សហគមន៍អន្តរជាតិ កំពុងតែបង្ហាញក្តីកង្វល់ពីផលប៉ះពាល់ទៅលើសន្តិសុខស្បៀងអាហារ ខណៈដែលកំពង់ផែជាច្រើន ជាពិសេសកំពង់ផែធំជាងគេនៅក្នុងរដ្ឋធានីបេរូត បានរងផលប៉ះពាល់យ៉ាងដំណំ ដែលអាចបង្កជាភាពលំបាកក្នុងការនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ លោក Raoul Nehme បានប្រកាសថា គ្រាប់ធញ្ញជាតិដ៏សំខាន់ និងស្រូវសាលីទាំងអស់ដែលរក្សាទុក ត្រូវបានក៏បំផ្លាញដោយសារការផ្ទុះកាលពីថ្ងៃអង្គារនោះដែរ៕