(ប៉េកាំង)៖ គណៈកម្មការជាតិសុខាភិបាលចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺ COVID-19 ចំនួន ៣៣៥នាក់ដែលមានពាក់ព័ន្ធនឹង ករណីឆ្លងជាចង្កោមនៅក្នុងផ្សារ ស៊ីនហ្វាទី (Xinfadi) នៃទីក្រុងប៉េកាំង បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យទាំងអស់ហើយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

តួលេខរបស់គណៈកម្មាការជាតិសុខាភិបាលចិន បានបង្ហាញថា ក្នុងចំណោមមនុស្ស ៣៣៥នាក់ដែលបានជាសះស្បើយខាងលើនោះ មាន ១៨៧នាក់ជាបុរស និង ១៤៨នាក់ទៀតជាស្ត្រី ដែលមានអាយុជាមធ្យម ៤២ឆ្នាំ និងបានសម្រាកនៅមន្ទីរពេទ្យរហូតដល់ទៅ ២៧ថ្ងៃ។

គួររំលឹកថា ចាប់តាំងពីមានករណីឆ្លង COVID-19 នៅថ្ងៃទី១១ ខែមិថុនាកន្លងទៅនេះ អ្នកជំងឺ ៣៣៥នាក់ ត្រូវបានបានបញ្ជាក់ថា ជាក្រុមមនុស្សដែលទាក់ទងនឹងផ្សារលក់បន្លែ-សាច់បោះដុំ Xinfadi បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទីថាន់ (Ditan) នៃទីក្រុងប៉េកាំង និងមានបុគ្គលិកពេទ្យចំនួន ១០៥នាក់ទៀត មកពីមន្ទីរពេទ្យដទៃ ក៏បានចូលរួមក្នុងការព្យាបាលជំងឺ COVID-19 ទាំងនេះផងដែរ ហើយគ្មានបុគ្គលិកពេទ្យណាម្នាក់បានឆ្លងឡើយ។ មន្ទីរពេទ្យ Ditan បានធូរស្បើយពីបន្ទុកនេះ និងបានបន្តដំណើរការជាធម្មតាវិញហើយ៕