(បាងកក)៖ អាជ្ញាធរប៉ូលិសទីក្រុងបាងកក បានចាប់មនុស្សពីរនាក់ ដែលម្នាក់ជាមេដឹកនាំ នៃចលនានិស្សិត ប្រឆាំងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងម្នាក់ទៀតជាទីប្រឹក្សាផ្នែកច្បាប់របស់និស្សិតរូបនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

ក្រុមអ្នកប្រឹក្សាច្បាប់បានអះអាងថា ក្រុមនិស្សិតខាងលើនេះ ទើបតែបានប្រកាសថា ពួកគេចង់ពង្រីកក្រុម និងបង្កើនសកម្មភាពប្រឆាំងរដ្ឋាភិបាល ហើយក្រោយមកមេដឹកនាំពួកគេ ក៏ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនតែម្តង។ ក្រុមនិស្សិតទាំងនេះ បានទាមទារឲ្យរំលាយរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលទើបតែបានជាប់ឆ្នោត និងដឹកនាំប្រទេសមិនទាន់គ្រប់ ២ឆ្នាំផងនោះ។

មេដឹកនាំក្រុមនិស្សិតប្រឆាំង ដែលត្រូវបានចាប់ខ្លួនខាងលើនេះ មានឈ្មោះ ផានុពង្ស ចាដណុក (Panupong Jadnok) និងមេធាវីរបស់លោកម្នាក់ទៀតឈ្មោះ អាណុន ណាំផា (Anon Nampa)។ អាជ្ញាធរថៃបានអះអាងថា ក្រុមដឹកនាំដោយលោក ផានុពង្ស បានធ្វើចលនាប្រឆាំងរដ្ឋាភិបាល ដោយបំពានច្បាប់ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា មកម្ល៉េះ។

គួរបញ្ជាក់តាមអ្នកនាំពាក្យប៉ូលិសថៃ លោក គ្រីតសាណា ផាត់ថាណាចារឿន (Kritsana Pattanacharoen) ឲ្យដឹងទៀតថា មនុស្សពីរនាក់ដែលត្រូវបានចាប់ខ្លួនខាងលើនេះ គឺដោយសារតែពួកគេបានរំលោភបំរាម ក្នុងការទប់ស្តាត់ការឆ្លងរាតត្បាតជំងឺ COVID-19 ហើយប៉ូលិសបានទទួលពាក្យបណ្តឹងតវ៉ាជាច្រើនពីសាធារណជន អំពីការប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ។ ក្រុមនិស្សិតខាងលើនេះ ក៏បានប្រកូកប្រកាសផងដែរ ឲ្យសមាជិករបស់ខ្លួនចេញក្បួន តវ៉ានៅល្ងាចថ្ងៃសុក្រនេះ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែង អ្នកទាំងពីររូបខាងលើនេះវិញ៕