(តូក្យូ)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ិហ៊ីដិ (Suga Yoshihide) បាន ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ នៅក្នុងចំណោមប្រជាជនជប៉ុន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ជំនួសលោក អាបេ ស៊ីនហ្សូ បន្ទាប់ពីលោកប្រកាស ចូលរួមប្រជែងយកតំណែងជាមេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ (LDP)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការស្ទង់មតិធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុន អាសាហ៊ិ ស៊ីមប៊ុន (Asahi Shimbun) លោក ស៊ូហ្គា ទទួលបានសំឡេងគាំទ្រ ៣៨ភាគរយ ដោយ នាំមុខអតីតរដ្ឋមន្ត្រីការពារជាតិ លោក អ៉ីស៉ិបា ស៊ីជីរុ (Ishiba Shigeru) ដែលទទួលបានសំឡេងគាំទ្រ២៥ភាគរយ ខណៈលោក គីស៊ីដា ហ្វូមីញ៉ូ (Kishida Fumio) ជាប្រមុខគោលនយោបាយនៃគណបក្ស LDP ទទួលបាន៥ភាគរយ។ កាលពីខែមិថុនាកន្លងទៅ ការស្ទង់មតិរបស់អាសាហ៊ិ បានបង្ហាញ ថា លោក អ៉ីស៉ិបា ទទួលបានសំឡេងគាំទ្រ៣១ភាគរយ រីឯលោក ស៊ូហ្គា ទទួលបានតែ៣ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា គណបក្សសេរីប្រជាធិបតេយ្យ (LDP) គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សថ្មីជំនួសលោក អាបេ នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ហើយអ្នកដែលជាប់ឆ្នោតជាមេដឹកនាំថ្មី អាចនឹងមានលទ្ធភាពខ្ពស់កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែគណបក្ស LDP មានសំឡេងភាគច្រើននៅក្នុងសភា៕