(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា ប្រទេសចិនទទូចឲ្យសហរដ្ឋអាមេរិក បំពេញតាមទំនួសខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី Hua បានលើកឡើងដូចខាងលើនេះ នៅឯសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គែន អ័រតាហ្គឹស (Morgan Ortagus) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ជុំវិញជំហានបន្ទាប់របស់សហរដ្ឋអាមេរិក ក្រោយប្រកាសដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO) និងបញ្ឈប់ជាស្ថាពរនូវវិភាគទាន ដែលអាមេរិកផ្តល់ទៅឲ្យអង្គការអន្តរជាតិមួយនេះ។

លោកស្រី Hua ក៏បានគូសបញ្ជាក់ ពីពេលវេលា និងអង្គហេតុនៃការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតរបស់ចិនផងដែរ។ លោកស្រីបានបន្ថែមទៀតថា នៅចំពោះមុខវីរុសដ៏កាចសាហារមួយនេះ ចិនបានចែករំលែកព័ត៌មាន ដែលខ្លួនដឹងអំពីវីរុសនេះ ទៅឲ្យពិភពលោកយ៉ាងរហ័សបំផុត ដើម្បីចាត់វិធានការចំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។

បើតាមការសង្កត់ធ្ងន់ដោយលោកស្រី Hua ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការស្តីបន្ទោស និងទម្លាក់កំហុសទៅឲ្យអ្នកដទៃ ចំពោះការបរាជ័យរបស់ខ្លួន ព្រោះថាវាមិនបានជួយអ្វីដល់ កិច្ចខំប្រឹងប្រែងរបស់អាមេរិក និងកិច្ចសហប្រតិបត្តិអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នោះទេ៕