(តូក្យូ)៖ ប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈទប់ទល់ព្យុះទីហ្វុងថ្មីមួយផ្សេងទៀតឈ្មោះ «Haishen» ដែលកំពុងធ្វើដំណើរសំដៅមករកតំបន់ ភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានណែនាំឲ្យប្រជាជនជប៉ុន ដែលរស់នៅប្រជុំកោះអូគីណាវ៉ា (Okinawa) និងកោះគ្យូស៊ូ (Kyushu) បង្កើនការប្រុងប្រយ័ត្នជាអតិបរមាណ ខណៈព្យុះទីហ្វុង Haishen អាចនឹងមកដល់ក្បែរ ឬវាយប្រហារលើកោះទាំងពីរ នៅកំឡុងថ្ងៃអាទិត្យស្អែកឬមួយក៏ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នៅថ្ងៃសៅរ៍នេះ វាកំពុងស្ថិតនៅក្បែរកូនកោះមីណាមីដៃតូ (Minamidaito) ដែលនៅខាងកើតកោះអូគីណាវ៉ា ក្នុងគោលដៅឆ្ពោះទៅភាគខាងជើង ជាមួយល្បឿនធ្វើដំណើរ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរជម្រាបថា ព្យុះទីហ្វុង Haishen គឺជាព្យុះទីហ្វុងថ្មីមួយផ្សេងទៀត បន្ទាប់ពីព្យុះទីហ្វុង Maysak ដែលបានបោកបក់សង្រ្គប់លើឧបទ្វីបកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់បាត់បង់ជីវិត និងបង្កផលប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ទៀត៕