(ប៊ែរឡាំង)៖ អាល្លឺម៉ង់បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ថ្មីៗច្រើនជាង ៥,០០០ ករណីក្នុងមួយថ្ងៃជាលើកដំបូង គិតចាប់តាំងពីខែមេសាមក ដែលប្រការនេះបានជំរុញឲ្យអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងថ្នាក់ដឹកនាំរដ្ឋទាំង១៦ របស់សហព័ន្ធអាល្លឺម៉ង់ ត្រូវបើកកិច្ចពិភាក្សាបន្ទាន់សាជាថ្មីស្តីអំពីវិបត្តិនៃជំងីរាតត្បាតនៅទីក្រុងប៊ែរឡាំងនាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។

តាមទិន្នន័យពីវិទ្យាស្ថានអាល្លឺម៉ង់ Robert Koch (RKI) បានបង្ហាញថា ចំនួនករណីឆ្លងថ្មីៗមានរហូតដល់ ៥,១៣២ ករណី នាំឲ្យករណីឆ្លងនៅទូទាំងប្រទេសកើនដល់ ៣៣៤,៥៨៥ករណី ហើយក៏មានអ្នកស្លាប់បន្ថែមមានចំនួន ៤៣នាក់ផងដែរ គិតត្រឹមថ្ងៃអង្គារម្សិលមិញ។

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងយ៉ាងគំហុកបែបនេះ រដ្ឋភាគច្រើនរបស់អាឡឺម៉ង់បានយល់ព្រមថា អ្នកដែលរស់នៅតំបន់ដែលមានហានិភ័យនៃការឆ្លងខ្ពស់ មិនគួរត្រូវអនុញ្ញាតឲ្យស្នាក់នៅ តាមសណ្ឋាគារនៅតំបន់ផ្សេងទៀត នៃប្រទេសអាល្លឺម៉ង់ឡើយ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលស្ទុះឡើងកាន់តែខ្លាំង។ ប៉ុន្តែការប្រឆាំងតវ៉ានឹងវិធានខាងលើ បានកើនឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសស្របពេល ដែលឱកាសឈប់សម្រាកវិស្សមកាលនារដូវស្លឹកឈើជ្រុះ បានចាប់ផ្តើមនៅក្នុងរដ្ឋជាច្រើនរួចទៅហើយនោះ។

លោក Armin Laschet ថ្នាក់ដឹកនាំរដ្ន North-Rhine Westphalia បានសម្តែងក្តីសង្ឃឹមថា មេដឹកនាំរដ្ឋដទៃទៀតនឹងឯកភាពគ្នាលើដំណោះស្រាយជាក់ស្តែងមួយ នៅទីក្រុងប៊ែរឡាំង ដ្បិតថាវាជារឿងសំខាន់បំផុតក្នុងការផ្តោតលើវិធានការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវមួយនេះ។

លោក Laschet ទទួលស្គាល់ទៀតថា កន្លងមកដំណោះស្រាយរបស់អាជ្ញាធរប្រចាំតំបន់នីមួយៗ សម្រាប់ឆ្លើយតបទៅនឹងការឆ្លងរាលដាលតាមតំបន់រៀងៗខ្លួន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់អាល្លឺម៉ង់ ប៉ុន្តែដោយសារមួយរយៈចុងក្រោយនេះការឆ្លងរាតត្បាតហាក់មានសន្ទុះកើនឡើងខ្លាំង «យើងចំបាច់ត្រូវការវិធានទប់ស្កាត់ជារួម»

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋ Bavaira លោក Markus Soeder ក៏បានអំពាវនាវឲ្យមានវិធានការណ៍អនុវត្តរួមនៅទូទាំងប្រទេសផងដែរ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយលោកបានព្រមានថា ៤សប្តាហ៍ខាងមុខគឺជាពេលវេលាដ៏សំខាន់ដែលកំណត់ថា តើពលរដ្ឋអាល្លឺម៉ង់អាចប្រារព្ធពិធីបុណ្យណូអែលប្រកបដោយភាពរីករាយ និងដោយសុវត្ថិភាព ឬក៏យ៉ាងណា។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលអាល្លឺម៉ង់បាននឹងកំពុងរៀបចំវិធានការថ្មីបន្ថែម ដើម្បីគាំទ្រដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំង នៅក្នុងវិស័យសណ្ឋាគារនិងម្ហូបអាហារ តាមរយៈការផ្តល់ហិរញ្ញប្បទានរយៈពេល៦ខែ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ Funke Mediengruppe៕