(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចប្រកាសដាក់ចេញនូវវិធានការ «បំរាមគោចរពេលយប់» សម្រាប់ទីក្រុងប៉ារីស និងទីក្រុងចំនួន ០៨ផ្សេងទៀតនៃប្រទេសបារាំង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីអត្រាឆ្លងថ្មីៗប្រចាំថ្ងៃ បាននិងកំពុងឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។

បើតាមប្រធានាធិបតីបារាំង លោក Emmanuel Macron ទីក្រុងចំនួន ៩ ដែលត្រូវបានកំណត់ឱ្យអនុវត្តវិធានការខាងលើ រួមមានទីក្រុងប៉ារីស (Paris) និងតំបន់ជុំវិញ, ក៏ដូចជាទីក្រុង ហ្គ្រេនូបល (Grenoble), លីលល៍ (Lille), លីយ៉ុង (Lyon), ម៉ាសី (Marseille), ម៉ុងប៉េលី (Montpellier), រុរ៉ន (Rouen), សង់អ៊ីត្យេន (Saint-Etienne), និង ទូលួស (Toulouse)។

នៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ លោក Macron បានគូសបញ្ជាក់ថា «អ្នករស់នៅក្នុងទីក្រុងទាំងឡាយខាងលើ ដែលជាកន្លែងមានប្រជាជនប្រហែល ២០លាននាក់ក្នុងចំណោមប្រជាជនបារាំងសរុបប្រមាណ ៦៧លាននាក់ នឹងមិនត្រូវបានអនុញ្ញាតឱ្យនៅខាងក្រៅនៅចន្លោះម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៦៖០០នាទីព្រឹកនោះទេ។ វិធានការនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃសៅរ៍សប្ដាហ៍នេះតទៅ ក្នុងរយៈពេលយ៉ាងហោចណាស់ ០៤សប្តាហ៍ លើកលែងសម្រាប់តែហេតុផលចាំបាច់តែប៉ុណ្ណោះ។ ជុំវិញវិធានការខាងលើនេះ ប្រសិនបើនរណាម្នាក់ត្រូវបានគេរកឃើញនៅខាងក្រៅ ដោយគ្មានការអនុញ្ញាតពិសេស ក្នុងអំឡុងពេលកំពុងអនុវត្តបំរាមគោចរនេះ នឹងត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ចំនួន ១៥៩ដុល្លារអាមេរិក និងច្រើនជាងនេះ ១០ដងសម្រាប់ជនល្មើសច្រំដែល»

លោក Macron បានគូសបញ្ជាក់បន្ថែមថា «យើងទទួលស្គាល់ថា វិធានការខាងលើ ពិតជាមានភាពលំបាកណាស់ចំពោះយុវជន ប៉ុន្តែវិបត្តិសុខភាពបានបន្សល់នូវជម្រើសតិចតួចបំផុត ដែលយើងត្រូវតែធ្វើសកម្មភាព... យើងត្រូវទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ដោយការអនុវត្តវិធានការនោះ»

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៧៧៩,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៣៣,០០០នាក់ និងជាសះស្បើយជាង ១០៣,៤០០នាក់៕