(ប៉េកាំង)៖ ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) នៅថ្ងៃចន្ទនេះបានប្រកាសឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤.៩% នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២០នេះ ក្រោយស្ថានភាពរាលដាលនៃជំងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍របស់ NBS បានបង្ហាញទៀតថា កំណើន GDP របស់ចិននៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២០ មានចំនួន ៤.៩% ហើយតួលេខនេះគឺលើសពីការរំពឹងទុករបស់អ្នកជំនាញទៅទៀត។ យោងតាមការប៉ាន់ស្មានបឋម ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ចិននៅក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២០ មានរហូតដល់ ៧២.២៧ទ្រីលានយ័ន (ប្រហែល ១០.៧៨ ទ្រីលានដុល្លារអាមេរិក) ពោលគឺកើនឡើង ០.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា នៅក្នុងខែកក្កដា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៣.២% នៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០២០នេះ។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចចិនបានធ្លាក់ចុះរហូតដល់ ៦.៨% កាលពីត្រីមាសទី ១ នៃឆ្នាំ២០២០ ពោលគឺចំពេលដែលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើង។ ដោយសារតែស្ថានភាពលំបាក រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចបោះបង់ចោល នូវការកំណត់គោលដៅលើ កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចហៅកាត់ថា OECD បានធ្វើការកែសម្រួលការព្យាករណ៍របស់ខ្លួន សម្រាប់សក្ដានុពល GDP របស់ប្រទេសចិន ដោយបានរំពឹងជាថ្មីវិញថា នឹងមានកំណើន ១.៨%ឯណោះសម្រាប់ឆ្នាំ២០២០។ ទន្ទឹងគ្នានេះ OECD ក៏បានធ្វើកំណែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់ឆ្នាំ២០២១ផងដែរ ដោយរំពឹងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះនឹងមានកំណើន GDP រហូតដល់ ៨% ឯណោះនៅឆ្នាំក្រោយ៕